ឃាត់ខ្លួនបក្ខពួកក្រុមចោរ ដែលបាញ់អ្នកដំណើរចេញពីហូបការ ប្លន់យកលុយ ៣ម៉ឺនរៀល
ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួន បុរសសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ដែលបានធ្វើសកម្មភាព ដេញបាញ់ប្លន់បុរសម្នាក់ ចេញពីហូបការ បណ្តាលឲ្យរងរបួស ពេលជនសង្ស័យកំពុងអង្គុយនៅផ្ទះកាលពីម៉ោង១១ ព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៤ នៅចំណុច ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
គួររំលឹកផងដែរ កាលពីម៉ោង១១ យប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ បុរស ២នាក់ បានជិះម៉ូតូចេញពីហូបការ នៅស្រុកកំរៀង ធ្វើដំណើរឆ្ពោះមកផ្ទះ ត្រូវជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង តាមស្ទាក់បាញ់ប្លន់ បណ្តាលអោយបុរសម្នាក់ ឈ្មោះ យួម យី អាយុ ១៩ឆ្នាំ រងរបួសជើងស្តាំ ដោយត្រូវគ្រាប់កាំភ្លើង K54 ហើយដោយសារម៉ូតូចាស់ ក្រុមចោរមិនយក បែរជាឆែកយកប្រាក់ ៣ម៉ឺនរៀល ហើយគេចខ្លួនបាត់ស្រមោល។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀង បានឲ្យដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ថនប៊ុន រ៉ាជាតិ អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ដកហូតវត្ថុតាង បានគ្រាប់កាំភ្លើង K54 ចំនួន ៩គ្រាប់ នៅផ្ទះជនសង្ស័យ ហើយចំណែកបក្ខពួក ២នាក់ទៀត គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ ឈ្មោះ ថនប៊ុន រ៉ាជាតិ ជាជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្លន់ជាមួយបក្ខពួក ២នាក់ទៀត ហើយក៏ធ្លាប់កាច់កយកម៉ូតូ ពីបាត់ដំបងទៅលក់នៅភ្នំពេញ ជាញឹកញាប់៕
Source from: watphnom-news.com

Loading...
Loading...