ភ្លៀងធ្លាក់ជោកជាំចេញត្រាក់ទ័រ ទៅភ្ជួរស្រែបង្កបង្កើនផល ជាន់មីនតោនផ្ទុះរងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងបើកត្រាក់ទ័រភ្ជួរស្រែ ហើយបានជាន់មីនតោនផ្ទុះ កាលពីវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចវាលស្រែ ភ្នំយាយសំស្ថិតក្នុងភូមិឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ ក្នុងខេត្តបន្ទាយមានជ័យ មានភ្លៀង បានបង្អុរចុះ នៅតាមបណ្ដាស្រុកមួយចំនួន ក្នុងនោះស្រុកម៉ាឡៃ ក៏ទទួលបានទឹកភ្លៀងបង្គួរផងដែរ ទើបបងប្អូនប្រជាកសិករ នាំគ្នាទៅភ្ជួររាស់ ដើម្បីត្រៀមការដាំដុះ ដោយមានដីលក្ខណៈសើមទន់។ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រឿងចក្រ ត្រាក់ទ័រចុះភ្ជួររាស់ដី នៅចំណុចកើតហេតុខាងលើ រួចក៏បើកទៅជាន់មីន ដែលកប់ចោល តាំងពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះតែម្តង។
ជនរងគ្រោះមានឈ្មោះ សួន ពិសិទ្ធិ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រស្រុកម៉ាឡៃ បានរងរបួសខ្នងជើងខាងឆ្វេង និងដៃខាងឆ្វេង ហើយត្រូវបានក្រុមគ្រួសារ នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យស្រុក ហើយគ្រឿងចក្រ រងការខូចខាតធ្ងន់ធ្ងរ។ សមត្ថកិច្ចបានឲ្យដឹងថា ចំណុចកើតហេតុ គឺជាតំបន់ប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ពកម្ពុជា ជាមួយនឹងខ្មែរក្រហម ហើយមីនដែលផ្ទុះ គឺជាកាកសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកប់ជ្រៅនៅក្នុងដី ពេលមានភ្លៀងធ្លាក់ ដីសើមទន់ជ្រាយ ពេលត្រាក់ទ័របើកជាន់ ក៏ផ្ទុះបង្កគ្រោះថ្នាក់តែម្តង៕
Source from: watphnom-news.com

Loading...
Loading...