ខ្យល់ព្យុះប៉ើងដំបូលផ្ទះ ៩ខ្នង រលំទាំងស្រុង ៣ខ្នង និងបុរស ២នាក់ រងរបួសនៅអូរតាគី
ខេត្តបាត់ដំបង ៖ ភ្លៀងមួយមេយ៉ាងធំ បាននាំខ្យល់ព្យុះវាយប៉ើង ដំបូលផ្ទះ ៩ខ្នង បណ្តាលឲ្យរលំទាំងស្រុង ៣ខ្នង និងបុរស ២នាក់ រងរបួសកាលពីវេលាម៉ោង១៧ រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្រុមទី១ ភូមិព្រៃទទឹងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនៅព្រឹកថ្ងៃទី២ ខែមេសា សមត្ថកិច្ចអាវុធហត្ថ នគរបាលស្រុក ប្រជាការពារ និងអាជ្ញាធរ បានចុះជួយជួសជុលផ្ទះ ដែលត្រូវខ្យល់ព្យុះបំផ្លាញ ឲ្យបានស្នាក់នៅ ជាបណ្តោះអាសន្នវិញ។
លោក ឈុំ ឆុំ មេភូមិព្រៃទទឹង បានអោយដឹងថា ផ្ទះប្រជាពលរដ្ឋដែលរលំ ទាំងស្រុង ៣ខ្នងដោយខ្យល់ព្យុះ ទី១-ឈ្មោះ ម៉ៅ បឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករ មានប្រពន្ធឈ្មោះ យ៉ន ណាត អាយុ ៣៤ឆ្នាំ មានកូន ៣នាក់ស្រីម្នាក់ ពេលភ្លៀងមិនមានអ្នកនៅផ្ទះទេ។ ផ្ទះមានទំហំ ៥គុណ៦ ម៉ែត្រសង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងស្លឹកដូង ផ្ទះផុតដី។ ទី២-ឈ្មោះ ម៉ៅ សង អាយុ ៥១ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានមុខរបរជាកម្មករ ផ្ទះទំហំ ៥គុណ៦ ម៉ែត្រសង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី និងទី៣-ឈ្មោះ តុន ផល អាយុ ៤០ឆ្នាំ ជាកសិករផ្ទះទំហំ ៦គុណ៧ ម៉ែត្រសង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តារផុតពីដី។
ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យឈ្មោះ ហ៊ីង តុន អាយុ ៨១ឆ្នាំ ជាឪពុកម្ចាស់ផ្ទះ រងរបួសបែកក្បាល និងឈ្មោះ រី រឿន ភេទប្រុស ជាកម្មកររងរបួសឆ្អឹងជំនី ពេលកំពង់ដូយដាក់ជើងតាង។ ចំពោះផ្ទះ ៩ខ្នងទៀត ប៉ើងដំបូលធ្លាក់ទៅ វាលស្រែបាត់អស់ និងដើមឈើមួយចំនួន បានបាក់ដួល នៅតាមដងផ្លូវ។ លោក យឹម វិចិត្រ អធិការស្រុកថ្មគោល បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានខ្យល់ព្យុះ រូបលោកបានដឹកនាំ កម្លាំងនគរបាល សហកាជាមួយអាវុធហត្ថស្រុក ប្រជាការពារភូមិ ក្នុងឃុំអូរតាគី មកជួយជួសជុលផ្ទះ ដើម្បីអោយពួកគាត់ បានស្នាក់នៅបណ្តោះអាសន្ន ទម្រាំមានជំនួយ ព្រោះដំបូលផ្ទះនិងជញ្ជាំងផ្ទះ មួយចំនួនប៉ើង បាត់អស់រកមិនឃើញទេ៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...