ប្រកបអាជីពដើរសុំទានមួយគ្រួសារ មានជម្ងឺរាំរៃដេកស្លាប់ ចោលប្តីនិងកូនក្នុងខ្ទមកំសត់
រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកសុំទានម្នាក់មានជំងឺប្រចាំកាយ បានដេកស្លាប់ចោលប្តី និងកូនប្រុសស្រី ៤នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ៧ យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងក្រុមទី២ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឲ្យអ្នកជិតខាងមានសេចក្តី អាណិតងាសូរយ៉ាងខ្លាំង ព្រោះគ្រួសារមួយនេះ រកតែលុយធ្វើបុណ្យសប ក៏គ្មានផង។
ស្ត្រីអភ័ព្វដែលដេកស្លាប់ មានឈ្មោះ យន ម៉ៅ អាយុ ៣០ឆ្នាំ មានប្តីឈ្មោះ លន់ លាភ អាយុ៣៦ឆ្នាំ និងកូន ៤នាក់ ស្រី២ ប្រុស២ រស់នៅផ្ទះជួល ធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ៤ ជ្រុង ជាមួយម្តាយ និងប្អូនថ្លៃ ប្រកបមុខរបរ ដើរសុំទានគេ មួយគ្រួសារ។ ឈ្មោះ ហេង សុខហឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាម្ចាស់ដីជួល បានអោយដឹងថា គាត់បានជួលផ្ទះ ទៅអោយស្ត្រី ជាអ្នកសុំទានខាងលើ ក្នុងមួយគ្រូសារ មានគ្នាទាំងចាស់ទាំងក្មេង ចំនួន ៨នាក់ ក្នុងមួយថ្ងៃ តម្លៃ ៥ពាន់រៀល។
អាជីពប្រចាំថ្ងៃ ស្ត្រីរងគ្រោះ ព្រមទាំងប្តី និងកូនតូចៗ បានចេញទៅសុំទាន នៅផ្សារស៊ិនជូរី ជា ដើម្បីយកប្រាក់ចិញ្ចើមជីវិត និងកូនតូចៗ យ៉ាងវេទនាបំផុត។ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្ត្រីជាប្រពន្ធមានជំងឺរបេង ហើយ ៦ខែ ចុងក្រោយនេះ ជំងឺកាន់តែធ្ងន់ ណាមួយគ្មានប្រាក់ព្យាបាល អាការៈកាន់តែធ្ងន់ឡើង រហូតដេកស្លាប់ ចោលកូនតូចៗចំនួន ៤នាក់ ដែលកូនប្រុសបង មានអាយុ ១២ឆ្នាំ និងកូនស្រីប្អូន អាយុទើបតែ ៥ឆ្នាំប៉ុណ្ណោះ។ សពត្រូវបានតម្កល់ធ្វើបុណ្យ នៅលើខ្ទមប្រក់សង្ក័សី ក្នុងស្ថានភាពក្រីក្រ តោកយ៉ាកបំផុត ក្នុងឆាកជីវីត ជាអ្នកសុំទានទាំងគ្រួសារ៕
Source from: watphnom-news.com

Loading...
Loading...