តៃកុងនិងព្រូឡាន ក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញសូរិយា ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ
រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តក្រុង និងព្រូឡាន នៃក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នាមិនធ្វើការ នៅព្រឹកថ្ងៃទី៣ ខែមេសា ដើម្បីប្រឆាំងនឹងសេចក្តីជូនដំណឹង របស់ក្រុមហ៊ុន ដែលលែងអនុញ្ញាត ឲ្យមានការផ្ញើរឥវ៉ាន់ និងទទួលឥវ៉ាន់តាមរយៈពួកគេ។
សេចក្តីជូនដំណឹងចុះថ្ងៃទី១១ មីនា ឆ្នាំ២០១៤ ដែលមានចុះហត្ថលេខា ដោយក្រុមការងារទាំងអស់ នៃក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរភ្នំពេញ សូរិយា គឺក្រុមហ៊ុនសូមជូនដំណឹង ដល់បុគ្គលិកខេត្តក្រុង អ្នកបើកបរ ព្រូឡានទាំងអស់ មិនអនុញ្ញាតឲ្យផ្ញើរឥវ៉ាន់ ឬទទួលឥវ៉ាន់ ដាក់ឥវ៉ាន់ គ្មានវិក័យប័ត្រ ឬចេញវិក័យប័ត្រ សរសេរបន្លំទៀតទេ។ សេចក្តីជូនដំណឹងបន្តថា រាល់ឥវ៉ាន់ដែលលួចដាក់ ដោយគ្មានវិក័យប័ត្រ ឬគ្មានការអនុញ្ញាតពីក្រុមហ៊ុន នឹងទទួលពិន័យ គុណនឹង ៣០ដងនៃកម្រៃភ្ញៀវ និងបញ្ឈប់ពីការងារទៀត។
ការតវ៉ានៅព្រឹកថ្ងៃនេះ របស់ក្រុមតៃកុងឡាន និងព្រូឡាន គឺទាមទារឲ្យក្រុមហ៊ុន លុបចោលនូវសេចក្តីជូនដំណឹងនេះ ខណៈដែលពួកគេបានត្អូញត្អែរថា ប្រាក់ខែពួកគេទទួលបានតិចតួច ការរកកម្រៃខាងក្រៅ តាមរយៈការទទួលឥវ៉ាន់ភ្ញៀវ តាមរយៈពួកគេក្រៅផ្លូវការនេះ អាចជួយសម្រួលជីវភាពបានខ្លះ។ បន្ថែមពីនេះ ក៏មានការទាមទារ សុំដំឡើងប្រាក់ខែ និងទាមទារឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងារផងដែរ ប៉ុន្តែមិនដឹងថា ក្រុមហ៊ុននឹងមាន ដំណោះស្រាយបែបណានោះទេ៕
Source from: watphnom-news.com

Loading...
Loading...