អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនប្រធានមន្ទីរសង្គមកិច្ចខេត្តតាកែវក្នុងរឿងពុករលួយកិបកេងប្រាក់ជាង១១ម៉ឺនដុល្លារ
បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេលយ៉ាងយូររួចមក អង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានសម្រេចចាប់ឃាត់ខ្លួនលោក សោម អ៊ុំមុនីរ៉ា ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤កន្លងមក និងបានបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់តុលាការសាលាដំបូងខេត្តតាកែវ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ហើយក៏ត្រូវបានសាលាដំបូងខេត្តតាកែវបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទពុករលួយផងដែរ ។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ គឺលោក សោម អ៊ុំមុនីរ៉ា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវជ្រាវរកឃើញថា បានកិបកេងប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្រោមរូបភាពប្រព្រឹត្តអំពើពុករលួយចំនួនប្រមាណ៤៤៩.៥៤៧.០០០រៀល(ប្រមាណ១១២.៣៨៦ដុល្លារអាមេរិក) ដោយ ៖ ១-កេងយកប្រាក់ឧបត្ថម្ភមុខសញ្ញាអតីតយុទ្ធជន៦ខែដើមឆ្នាំ២០១២, ២-កេងយកប្រាក់ភាគទាន និងប្រាក់មរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ, ៣-កេងយកប្រាក់ឧបត្ថម្ភរបបគោលនយោបាយរបស់យុវកុមារដែលត្រូវចេញពីមណ្ឌលកុមារកំព្រាខេត្តតាកែវនៅឆ្នាំ២០១២, ៤-កេងយកប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទ និង៥-កេងយកថវិកាអំណោយរបស់កាកបាទក្រហមកម្ពុជាផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្តតាកែវ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ត្រឹមថ្នាក់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសោះ ហ៊ានប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់ខ្ទង់សែនដុល្លារអាមេរិកទៅហើយ ចុះទម្រាំថ្នាក់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំនាន់ឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី មិនដឹងពុករលួយដល់កម្រិតណានោះទេ ដ្បិតវប្បធម៌នៅកម្ពុជា គឺថ្នាក់ក្រោមមិនហ៊ានថ្លើមធំពុករលួយយកលុយតែម្នាក់ឯង មិនប្រគល់ឬសែនឲ្យថ្នាក់លើនោះទេ ដូចពាក្យគេតែងនិយាយថា "ថ្នាក់ក្រោមរកលុយសូកថ្នាក់លើ រីឯថ្នាក់លើប្រើអំណាចការពារថ្នាក់ក្រោមវិញ" ៕
Source from: www.dtn7.com

Loading...
Loading...