លោក ជាម ម៉ាដែន ហៅតក់ ផ្លាស់ប្តូរជីវភាពថ្មីយ៉ាងឆាប់រហ័ស បន្ទាប់ពីឡើងធ្វើជាមេប៉ុស្តិ៍បឹងជ្រោង និងប្រមូលលុយពីជំនួញឈើខុសច្បាប់
ខេត្តកំបង់ចាម ៖ បច្ចុប្បន្ននេះក្រុមឈ្មួញទាំងតូចទាំងធំ ជាពិសេសមេឈ្មួញ រកស៊ីឈើដុះស្លែ ដែលជ្រកក្រោមស្បែកជា សមត្ថកិច្ចប្រដាប់អាវុធ បានរកស៊ីដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ ចេញទៅស្រុកយួនយ៉ាងរលូនល្អ មិនដែលមាននរណាហ៊ានប៉ះពាល់នោះទេ ជាក់ស្តែងលោក ជាម ម៉ាដែន ហៅតក់ ក្នុងនាមជាមេប៉ូលិសព្រំដែន ប្រចាំច្រកបឹងជ្រោង ស្ថិតនៅក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម កំពុងបង្កភាពអនាធិបតេយ្យ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ខ្លួនឯងផង និងប៉ាវផ្លូវសម្រាប់ការដឹកឈើខុសច្បាប់ ឲ្យឈ្មួញដទៃទៀត យ៉ាងរលូនល្អ មិនដែលមាននរណា ហ៊ានហើបមាត់នោះទេ។
លោក ជាម ម៉ាដែន ហៅតក់ មានឃ្លាំងស្តុកឈើធំៗ ជាច្រើនកន្លែង ក្នុងចំការដំឡូងមី និងចំការស្វាយចន្ទី ហើយទីតាំងស្តុកឈើ របស់លោក ជាម ម៉ាដែន ហៅតក់ ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាល ឬស្នាក់ការសន្តិសុខ ដើម្បីបន្លំភ្នែកមន្ត្រីជំនាញថា ជាឈើដែលបានមក ពីការបង្ក្រាប។ ជាធម្មតាលោក ជាម ម៉ាដែន ហៅតក់ មិនបានចេញមុខដោយផ្ទាល់ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទ្បើយ ប៉ុន្តែគាត់បានចាត់តាំង ឲ្យមេការជំនិតៗជាអ្នក ប្រមូលទិញនិងគ្រប់គ្រង ការដឹកជញ្ជូនឈើ ចេញទៅលក់នៅស្រុកយួន តាមច្រកច័ន្ទមូល ឬច្រកដូង ៧ដើម ដែលនៅទីនោះ មានសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចាំលាបាតដៃសុំប្រាក់ ជាថ្នូរនៃការមិនបង្ក្រាបសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ព្រោះគ្មាននរណាម្នាក់ ចង់ប៉ះទង្គិចជាមួយលោក ជាម ម៉ាដែន ហៅតក់ នោះទេ។
មានការបង្ហើបឲ្យដឹងផងដែរថា លោក ជាម ម៉ាដែន ហៅតក់ មានមេការសំខាន់ៗចំនួន ២នាក់គឺឈ្មោះ កែវ និងឈ្មោះ ម៉ាប់ ដែលជាអ្នកកាន់លុយ យកទៅបង់ឲ្យសមត្ថកិច្ច មន្ត្រីជំនាញរួមទាំងមន្ត្រីក្រៅក្របខ័ណ្ឌរដ្ឋមួយចំនួន ពោលគឺលោក ជាម ម៉ាដែន ហៅតក់ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដោយជ្រកក្រោមស្បែកជា សមត្ថកិច្ចប្រដាប់អាវុធក៏ពិតមែន ប៉ុន្តែគាត់នៅតែមានមនោសញ្ចេតនា ក្នុងការចាយលុយដើម្បី បិទភ្នែកបិទត្រចៀកសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ កុំឲ្យសកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់គាត់ បែកខ្ចរខ្ចាយទៅខាងក្រៅ។ យ៉ាងណាក៏ដោយ សកម្មភាពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់លោក ជាម ម៉ាដែន ហៅតក់ ត្រូវបានធ្វើឡើងជាចំហ គឺគ្មានអ្វីបិទបាំងនោះទេ បើនិយាយថា ឈើប្រណីតទាំងនោះមានស្លាបហោះ ឆ្លងកាត់ព្រំដែនក៏មិនទំនង។
ជាញឹកញយអគ្គស្នងការនគរបាលជាតិ បានចេញបញ្ជា ឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ បង្ក្រាបបទល្មើស នៃការដឹកជញ្ជូនឈើខុសច្បាប់ ឬការនាំចូលទំនិញគេចពន្ធ ប៉ុន្តែលោក ជាម ម៉ាដែន ហៅតក់ ក្នុងនាមជា មេប៉ុស្តិ៍ព្រំដែនបឹងជ្រោង ស្រុកមេមត់ មិនដែលឈឺក្បាលវិលមុខ ពីបញ្ហានេះទេ គឺគាត់ព្យាយាមតាមគ្រប់មធ្យោបាយ ក្នុងការប្រមូលលុយច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរំភើយ។ ទាំងការដឹកជញ្ជូនឈើ ចេញទៅលក់នៅស្រុកយួន ជារបស់ផ្ទាល់ខ្លួន ឬការដឹកជញ្ជូនឈើ របស់ឈ្មួញមួយចំនួនទៀត ឆ្លងកាត់ទឹកដីស្រុកមេមត់ តែងតែពឹងអាស្រ័យឲ្យលោក ជាម ម៉ាដែន ហៅតក់ ជួយសម្របសម្រួលរត់ការបើកផ្លូវ ទើបមានសុវត្ថិភាពគ្មាននរណាហ៊ានប៉ះពាល់។
លោក ជាម ម៉ាដែន ហៅតក់ មានការផ្លាស់ប្តូរជីវភាពថ្មី យ៉ាងឆាប់រហ័ស ចាប់តាំងពីពេលដែលគាត់ឡើង ធ្វើជាមេប៉ុស្តិ៍ច្រកបឹងជ្រោង ហើយគេមិនច្បាស់ទេថា តើលោក ជាម ម៉ាដែន ហៅតក់ បានផ្តល់ផលប្រយោជន៍ ជូនមេកើយរបស់គាត់ក្នុងមួយខែៗ ចំនួនប៉ុន្មាននោះទេ ទើបគាត់បង្កព្យុះភ្លៀង តាមតែទំនើងចិត្ត ព្រោះបើលោក ជាម ម៉ាដែន ហៅតក់ មិនផ្តល់ផលប្រយោជន៍ណាមួយ ជូនថ្នាក់លើទេនោះ ទំនងជាគាត់មិនហ៊ាន បង្កព្យុះភ្លៀងបែបនេះទេ ដោយសារខ្លាចថ្នាក់លើ ដាក់ពិន័យ ឬបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាល។ អគ្គស្នងការនគរបាលជាតិ គួរតែពិនិត្យមើល ភាពអនាធិបតេយ្យរបស់ មន្ត្រីនគរបាលព្រំដែន មួយចំនួនឡើងវិញផង ជាពិសេសភាពអសកម្ម របស់លោក ជាម ម៉ាដែន ហៅតក់ ៕
Source from: watphnom-news.com

Loading...
Loading...