ប៉ងចាក់សម្លាប់ម្ចាស់សិប្បកម្ម ដោយសារជម្លោះពាក្យសម្តី ឃាត់ខ្លួនបាន ៣នាក់ រត់រួចម្នាក់
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួន បុរសជនជាតិវៀតណាម ៣នាក់ ភ្លាមៗ បន្ទាប់ពីបានប្រើអំពើហិង្សា យកកូនកាំបិតចាក់ទៅ លើស្ដ្រីជនជាតិវៀតណាម ជាថៅកែសិប្បកម្ម បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៨ និង២៥ នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះធ្វើតុទូ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនជាតិវៀតណាមទាំង ៣នាក់នោះ រួមមាឈ្មោះ ង៉ូ វ៉ាន់ឌិញ អាយុ ២៤ឆ្នាំ ជាជនដៃដល់ ឈ្មោះ ចាង វ៉ាន់ឌឿង អាយុ ២៤ឆ្នាំ ជាជាងឈើ និងឈ្មោះ ឡេ វ៉ាន់ណុង អាយុ ២៤ឆ្នាំ រីឯជនសង្ស័យម្នាក់ទៀត ជាជនជាតិខ្មែរ បានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកស្ដ្រីរងគ្រោះ ជាម្ចាស់សិប្បកម្ម និងត្រូវជាសាច់ញាតិ របស់ថៅកែផ្ទះធ្វើតុទូ ឈ្មោះ ង្វៀង ជីបេ អាយុ ២២ឆ្នាំ រងរបួសដៃនិងស្មា ដោយសារតែយកដៃរង នៅពេលដែលជនបង្កទាំងនោះ បានយកកាំបិតចាក់។
មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ នៅផ្ទះធ្វើតុទូ ដែលជាសាច់ញាតិរបស់ខ្លួន ទំនងជាឈ្លោះទាស់ទែងពាក្យសំដី ជាមួយជនបង្កទាំង ៤នាក់ ទើបជនដៃដល់ឈ្មោះ ង៉ូ វ៉ាន់ឌិញ បានយកកាំបិតចុងស្រួច ចាក់ទៅលើនាង ប៉ុន្ដែបានយកដៃរង បណ្ដាលឱ្យត្រូវរបួសត្រង់ដៃ និងលើស្មា ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ បច្ចុប្បន្នជនបង្កទាំង ៣នាក់ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕
Source from: watphnom-news.com

Loading...
Loading...