កាមរីស្វិតដឹកឈើបើកបុក ឡានយីឌុបឡើងរួញ កៀបមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់
ខេត្តមណ្ឌលគិរី ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តដឹកឈើមួយគ្រឿង បានបើកបុកជាមួយឡានយីឌុប យ៉ាងពេញទំហឹង នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ។
គ្រោះថ្នាក់នេះបានកើតឡើង ដោយសាររថយន្តកាមរីស្វិតមួយគ្រឿង ពាក់ស្លាកលេខ ង.4059 ភព២ បើកបរតាមបណ្ដោយ ផ្លូវជាតិលេខ៧៦ ពីស្រុកអូររាំង ឆ្ពោះទៅស្រុកកែវសីមា ដោយមានផ្ទុកឈើប្រណិត ពេញរថយន្ត ហើយមានមនុស្សរួមដំណើរ នៅក្នុងរថយន្តនោះ ចំនួន ៣នាក់ បើកបរលឿនដូចព្យុះ ជ្រុលចង្កូតទៅបុក រថយន្តយីឌុប ពាក់ស្លាកលេខ ស្វាយរៀង 3A-0464 ដែលកំពុងថយបត់ទទឹង ផ្លូវជាតិលេខ៧៦។
ក្រោយពេលកើតហេតុ រថយន្តកាមរីស្វិត រួញសល់តែប្រវែង ២ម៉ែត្រ រីឯមនុស្សរួមដំណើរ ចំនួន ៣នាក់ ក្នុងនោះម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកពីរនាក់ទៀត របួសធ្ងន់ធ្ងរត្រូវបាន ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ច គាស់យកមនុស្ស ដើម្បីធ្វើការសង្គ្រោះ ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងរពេក ជនរងគ្រោះទាំង ២នាក់នោះ ប្រហែលជាមិនអាច ជួយសង្គ្រោះបានឡើយ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ បូ ប៊ុនញាញ់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងស្រុកកែវសីមា រីឯអ្នករងរបួសធ្ងន់ធ្ងរ ទាំង ២នាក់ សមត្ថកិច្ចពុំទាន់បានប្រាប់ ពីអត្តសញ្ញាណនៅឡើយទេ។ បន្ទាប់ពីសមត្ថកិច្ច ធ្វើការវាស់វែងចប់សព្វគ្រប់ហើយ រថយន្តទាំងពីរត្រូវបាននាំយកមកកាន់ អធិការនគរបាលស្រុកកែវសីមា ដើម្បីចាត់ការ តាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...