ទាហានថៃប្រកាសអនុវត្ដច្បាប់អាជ្ញាសឹក ក្រោមលេសស្ដារស្ថានការណ៍ នាំឲ្យមានកង្វល់
ក្រុងបាងកក ៖ កម្លាំងយោធារបស់ប្រទេសថៃ បានប្រកាសអនុវត្ដច្បាប់អាជ្ញាសឹក ដើម្បីស្ដារស្ថានការណ៍ប្រទេសជាតិ ឱ្យបានល្អប្រសើរឡើងវិញ បន្ទាប់ពីការធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល អូសបន្លាយពេលជាង ៦ខែ បណ្ដាលឱ្យបាត់បង់ជីវិត ២៨នាក់ និងរាប់រយនាក់រងរបួស ហើយមេទ័ពថៃជាច្រើន បានប្រកាសថា នេះមិនមែនជាសកម្មភាព រដ្ឋប្រហារប្រហារយោធា ដែលតែងតែកើតមាន នៅក្នុងប្រទេសថៃ ដោយសារភាពតានតឹង នៃវិបត្តិនយោបាយនោះទេ។
សេចក្ដីថ្លែងការណ៍របស់កងទ័ពថៃ ដែលចុះហត្ថលេខា ដោយនាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា យោងទៅតាមច្បាប់ឆ្នាំ១៩១៤ ច្បាប់នេះអនុញ្ញាតឱ្យកម្លាំងយោធា ចេញធ្វើ អន្ដរាគមន៍ នៅពេលដែលស្រុកទេស ជួបបញ្ហាវិបត្ដិ ហើយស្ថានការណ៍ នៅពេលបច្ចុប្បន្ននេះ យោធាថៃត្រូវតែចាត់វិធានការ ដោយសារតែការប្រមូលផ្ដុំ ជួបជុំធ្វើបាតុកម្ម ចេះតែកើនឡើងមិនឈប់ឈរ រវាងគូជម្លោះនយោបាយក្នុងប្រទេស ដែលធ្វើឱ្យខូចខាតខ្លាំងក្លា ដល់សន្ដិសុខជាតិ អាយុជីវិត និងទ្រព្យសម្បត្ដិសាធារណៈ ។
យោងតាមការផ្សាយ តាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ដែលជាស្ថានីយទូរទស្សន៍ របស់កងទ័ពថៃ បញ្ជាក់ថា កងទ័ពនឹងអនុវត្ដច្បាប់អាជ្ញាសឹក ដើម្បីស្ដារឡើងវិញ សណ្ដាប់ធ្នាប់សង្គម និងរបៀបរៀបរយ សម្រាប់មនុស្សគ្រប់រូបទាំងអស់ ពីគ្រប់ភាគី ប៉ុន្ដែការអនុវត្ដច្បាប់អាជ្ញាសឹក នេះ មិនមែនជារដ្ឋប្រហារនោះឡើយ។ សាធារណជនមិនត្រូវ ព្រួយបារម្ភភ័យខ្លាច ចំពោះការ អនុវត្ដច្បាប់អាជ្ញាសឹក របស់កងកម្លាំងទាហាននោះទេ ហើយសូមឱ្យបន្ដជីវភាព ដូចធម្មតា ។
មន្ដ្រី យោធាថៃបានបញ្ជាក់ទៀតថា កម្លាំងកងទ័ពនឹងទៅកាន់ស្ថានីយទូរទស្សន៍ឯកជនទាំងឡាយ នៅក្នុងរាជធានី ដើម្បីធ្វើសកម្មភាព ពិនិត្យការផ្សព្វផ្សាយ ឱ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់។ ច្បាប់អាជ្ញាសឹកគឺយោធា ជាអ្នកគ្រប់គ្រង ត្រួតពិនិត្យសន្ដិសុខ ហើយរដ្ឋាភិបាលក៏ត្រូវ ចូលរួមដោះស្រាយបញ្ហាផ្សេងទៀត ជាមួយកម្លាំងយោធាផងដែរ មិនដូចទៅនឹងការធ្វើរដ្ឋប្រហារឡើយ៕
Source from: watphnom-news.com

Loading...
Loading...