ជនជាតិចិនស្រវឹង បើកឡានឡិចស៊ីសបុកម៉ូតូ របួសប្រុសស្រី ៣នាក់ ហើយក្រឡាប់ផ្ងារជើង
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស LX470 បើកបរដោយ បុរសជនជាតិចិន ៣នាក់ ស្រវឹងស្រា បានជ្រុលទៅបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង អូសជាង ១០០ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រងាង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខឡាក់គី តាមផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បណ្តាលឲ្យយុវជនម្នាក់ និងនារី ២នាក់ ជិះម៉ូតូរងរបួសធ្ងន់។
មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-2529 បើកបរ ដោយបុរសជនជាតិចិន ៣នាក់ ដែលបានបើកបុក រថយន្តម៉ាកកាមរីឆ្លាម ខណៈចតស្ងៀម ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ បណ្តាលឲ្យរងការខូចខាត ហើយបានព្យាយាមបើករត់ រហូតដល់ផ្លូវព្រះសីហនុ មុខផ្សារទំនើបឡាក់គី ក៏ជ្រុលបុកម៉ូតូ ម៉ាកស្កុបពីពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CC-8557 ជិះគ្នា ៣នាក់ ក្នុងនោះមាននារី ២នាក់ រួមដំណើរជាមួយ ធ្វើដំណើរស្របទិសគ្នា ហើយអូសជាង ១០០ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ចំណែករថយន្តបង្ក ក្រឡាប់ផ្ងារជើងច្រងាង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីអ្នកបើកបរ ស្ថិតក្នុងសភាពស្រវឹង បើកបុកគេហើយមិនឈប់ ព្យាយាមបើកគេច ក៏ជ្រុលបុកនិងកិនម៉ូតូ បណ្តាលឲ្យក្រឡាប់តែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចបានចុះមកវាស់វែង និងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយ តាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...