មកពីដាក់ពាក្យប្រឡង ចូលធ្វើប៉េអឹមខេត្ដស្វាយរៀង ត្រូវឡានបុករបួសធ្ងន់ ២នាក់បងប្អូន
ខេត្ដស្វាយរៀង ៖ និស្សិតម្នាក់និងប្អូនស្រី ត្រូវរថយន្ដបើកកៀរ ដួលម៉ូតូបោកក្បាល ទៅលើថ្នល់ខ្ទាត ៤-៥ ត្រឡប់ បែកក្បាលផុងលលាដ៍ បាក់ធ្មេញ រលាត់ដងខ្លួនដៃជើង សន្លប់ស្ដូកស្ដឹង ហើយរថយន្ដ បានបន្ថែមល្បឿន បើកគេចបាត់ស្រមោល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវ ជាតិលេខ១ ចំណុចភូមិឃោសាង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ជនរងគ្រោះឈ្មោះ មាស ប៊ុនធឿន ភេទប្រុស អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ រងរបួសក្បាលពីក្រោយ ផុងលលាដ៍ក្បាល ដាច់ជង្គង់ឆ្វេង រលាត់ម្រាមជើងនិង ស្មងជើងឆ្វេង សន្លប់នៅកន្លែង កើតហេតុ និងឈ្មោះ មាស សាវ៉ន់ ភេទស្រី អាយុ ២៣ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ ក្រុងបាវិត របួសក្បាលធ្ងន់ បាក់ធ្មេញមុខលើក្រោម ដាច់លើសៀតផ្កា ខាងឆ្វេង និងរលាត់ចង្កេះឆ្វេងសន្លប់នៅកន្លែងកើតហេតុ មានទីលំនៅ ក្នុងភូមិព្រៃផ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍។
ស្ដ្រីម្នាក់បានប្រាប់ឱ្យដឹងថា ប្អូនប្រុសពៅរបស់គាត់ ឈ្មោះ មាស ប៊ុន ធឿន ទៅរៀននៅមហាវិទ្យាល័យ ឯរាជធានីភ្នំពេញ ឆ្នាំទី៣ ត្រូវម្ដាយហៅឱ្យ មកដាក់ពាក្យប្រឡង ចូលបម្រើការងារ នៅកងរាជអាវុធហត្ថ ខេត្ដស្វាយរៀង ហើយបន្ទាប់ពីដាក់ពាក្យរួច ក៏ឌុបបងស្រីបង្កើតទៅលេងផ្ទះ នៅភូមិទទា សង្កាត់ចេញ ក្រុងស្វាយរៀង រហូតដល់ ម៉ោង ១និង៥០ នាទីរសៀលក៏លាត្រឡប់ទៅផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ ២នាក់បងប្អូន រងរបួសជាទម្ងន់តែម្តង។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ធ្វើដំណើរតាម ផ្លូវជាតិលេខ១ ឌុបបងស្រីក្នុងទិសដៅ ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដ មួយគ្រឿងមិនស្គាល់ម៉ាក បើកស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើត ក៏កៀរប៉ះដៃចង្កូតម៉ូតូ បណ្ដាលឱ្យដួល បោកក្បាលទៅនឹងថ្នល់ ខ្ទាត ៥ត្រឡប់ ចម្ងាយ ៥ម៉ែត្រ សន្លប់ស្ដូកស្ដឹងទាំង ២នាក់បងប្អូន ក្នុងថ្លុកឈាមគួរឱ្យសង្វេគ៕
Source from: watphnom-news.com

Loading...
Loading...