ឡានដឹកដីបើកបុកជាមួយតាក់ស៊ីផ្តាច់ព្រលឹង ឆាបឆេះខ្មួលខ្មាញ់ របួសធ្ងន់ស្រាល ៧នាក់
ខេត្តកំពង់ធំ ៖ រថយន្តធុនយក្សដឹកដី របស់ក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ៦ បានបើកបុកជាមួយ រថយន្តតាក់ស៊ី ផ្តាច់ព្រលឹងប្រភេទតូរីស យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យឆាបឆេះ និងធ្វើឲ្យអ្នករួមដំណើរ របួសធ្ងន់ ៣នាក់និងស្រាល ៤នាក់ កាលពីវេលាម៉ោង ១០និង២០ នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅត្រង់ចំណុចវាលសសៃ ស្ថិតនៅភូមិតាំងគោគ ឃុំស្រយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកដី របស់ក្រុមហ៊ុនសាងសង់ផ្លូវ កំពុងតែដឹកដី ក៏ស្រាប់តែមានរថយន្ត ផ្តាច់ព្រលឹងប្រភេទតូរីស ពណ៌លឿង បានបើកយ៉ាងលឿន គេចនឹងជង្ហុកក៏ជ្រុលទៅបុកគ្នា ជាមួយរថយន្តធុនយក្យ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1344 ក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត បណ្ដាលឲ្យឆ្លងចរន្តខ្សែភ្លើង ឆាបឆេះសន្ធោសន្ធៅ នៅកន្លែងកើតហេតុ ហើយជួនពេលនោះ រថយន្តរបស់កាកបាទក្រហម មកដល់ក៏លើកជនរងគ្រោះ មកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ក្នុងករណីនេះ គេមិនស្គាល់អត្តសញ្ញាណ ជនរងគ្រោះដែលរងរបួសនោះទេ ចំណែកតៃកុងឡានទាំងសងខាង ក្រោយពេលកើតហេតុ ក៏ចុះពីលើរថយន្ត ដាក់មេប្រូចបាត់ស្រមោល តែម្តងទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ កន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ ដើម្បីកុំឲ្យមានការ កកស្ទះចរាចរណ៍ នៅលើដងផ្លូវ ចំណែករថយន្តបង្កហេតុទាំងពីរគ្រឿង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋានស្រុកបារាយណ៍ ដើម្បីរងចាំភាគីទាំងសងខាង ចូលមកដោះស្រាយ តាមសន្តិវិធី៕
Source from: watphnom-news.com

Loading...
Loading...