មកព្យាបាលជម្ងឺបេះដូងនៅភ្នំពេញ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ស្រែមាស គួរឲ្យសង្វេគ
រាជធានីភ្នំពេញ ៖ ដោយសារផ្ទះនៅខេត្តឆ្ងាយ ពេលចេញពីមន្ទីរពេទ្យ គ្មានរថយន្តឈ្នួលជិះទៅ ស្ដ្រីម្នាក់បានចូលទៅដេក ក្នុងផ្ទះសំណាក់យីហោ ស្រែមាស បន្ទប់លេខ៤២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ហើយបានដាច់ខ្យល់ ស្លាប់តែម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ច បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យ។
ស្ដ្រីរងគ្រោះមិងដឹងថា រស់នៅខេត្ដណានោះទេ តែគេប្រទះឃើញ មានសំបុត្រពេទ្យមួយសន្លឹក សរសេរឈ្មោះ ស្រីកា អាយុ ៣៥ឆ្នាំ មានវេជ្ជបញ្ជាមួយសន្លឹក និងហ្វីលថតបេះដូង មួយសន្លឹក នាំឲ្យសមត្ថកិច្ចសន្និដ្ឋានថា គាត់មានជំងឺបេះដូង ហើយទំនងមកពីខេត្ដឆ្ងាយ ដើម្បីព្យាបាលជំងឺ នៅរាជធានីភ្នំពេញ តែម្នាក់ឯង។ អ្នកគ្រប់គ្រង ផ្ទះសំណាក់ស្រែមាស បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ មានភ្ញៀវស្រី ២នាក់ ជិះរថយន្ដតាក់ស៊ី មកឈប់នៅមុខផ្ទះ សំណាក់ស្រែមាស ហើយពេលនោះស្ដ្រីរងគ្រោះ បានចូលទៅជួលលេខបន្ទប់លេខ ៤២ ដើម្បីស្នាក់នៅមួយយប់ ហើយស្ដ្រីម្នាក់ទៀត មិនបានស្នាក់នៅ ជាមួយស្ដ្រីរងគ្រោះនោះទេ។
លុះដល់ម៉ោង ១០និង៤០ នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ស្ដ្រីរងគ្រោះបាន មកបង់ប្រាក់ ថ្លៃបន្ទប់ចំនួន ១២ដុល្លារ រួចបានឡើងទៅកាន់ បន្ទប់របស់គាត់វិញ គេមិនបានឃើញស្ដ្រីរងគ្រោះ ចាកចេញពីបន្ទប់ ដើម្បីទិញចំណីអាហារ យកទៅហូបនោះទេ ។ រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ដោយសារមិនឃើញ ស្ដ្រីរងគ្រោះចេញមកក្រៅ ដូចភ្ញៀវដទៃទៀតនោះ ទើបបុគ្គលិកសម្អាតបន្ទប់ ទៅគោះទ្វារមិនឃើញក្រោក ក៏យកសោចាក់ទ្វារបន្ទប់ចូលមើល ស្រាប់តែឃើញស្ដ្រីរងគ្រោះ ស្លាប់បាត់បង់ជីវិតទៅហើយ មិនដឹងតាំងពីពេលណានោះទេ ។ សមត្ថកិច្ចនគរបាលជំនាញ បានសន្និដ្ឋានថា ស្ដ្រីរងគ្រោះស្លាប់ដោយសារ ជំងឺគាំងបេះដូង ហើយបានប្រគល់សព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...