មេឈ្មួញឈ្មោះ វុធ កេណ្ឌរាស្ត្រក្រីក្រឱ្យចូលទៅលីឈើគ្រញូង ក្នុងមួយគីឡូ តម្លៃ ៥ដុល្លារ
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាកម្មករ លីឈើគ្រញូង ២នាក់ កាលពីវេលាម៉ោង ១១និង៤០ នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ក្បែរជើងភ្នំខៀវ ស្ថិតក្នុងភូមិថ្មី សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនខណៈដែលពួកគេកំពុងធ្វើសកម្មភាព យកឈើប្រណីតចំនួន ១៩ដុំ ប្រហែល ១តោន ទៅលាក់ទុកនៅក្នុង ស្រះទឹកក្បែរជើងភ្នំ បម្រុងនឹងយកទៅលក់បន្ត ឲ្យឈ្មួញម្នាក់ ឈ្មោះ វុធ អាយុប្រហែល ៤០ឆ្នាំ មិនស្គាល់ទីលំនៅពិតប្រាកដ រស់នៅក្នុងខេត្តប៉ៃលិន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឬយមមានឈ្មោះ ខែម សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត ភូមិចំការឫស្សី ឃុំព្រែកព្រះស្តេច ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង និងឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើត ភូមិឫស្សីក្រាំង ខេត្តពោធិ៍សាត់។ ជនសង្ស័យទាំង ២ នាក់ ទើបតែមកស៊ីឈ្នួល លីសែងឈើគ្រញូង បានប្រហែលជាងមួយ អាទិត្យប៉ុណ្ណោះ ដោយស្នាក់នៅ ភូមិកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ខែម សិលា បានឲ្យដឹងថា ខ្លួនមានជីវភាពក្រីក្រ ពុំមានចំការធ្វើនឹងគេ ព្រមទាំងចាញ់បោក ឈ្មួញទិញឈើគ្រញូងម្នាក់ ឈ្មោះ វុធ ដែលបានឲ្យខ្លួនរកឈើ លក់ឲ្យគេក្នុងតម្លៃ ១គីឡូ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលនោះ ទើបពួកគេបង្ខំចិត្ត រកឈើគ្រញូងលក់ឲ្យពូកឈ្មួញ។ ពួកគេយកឈើមកលក់ខ្លួនឯង ដោយធ្វើដំណើរ ទៅរកក្នុងទឹកដីថៃ ៤-៥ ថ្ងៃ ទើបមកម្តង មានគ្នាចំនួន ១០នាក់ ហើយក្នុងម្នាក់រកបានពី ២០-៣០ គីឡូក្រាម ក្នុងមួយជើង ហើយពេលសមត្ថកិច្ចឃាត់ខ្លួន ទើបតែលីឈើយកលាក់ក្នុងទឹកស្រះ បានចំនួនពីរជើងប៉ុណ្ណោះ៕
Source from: watphnom-news.com

Loading...
Loading...