មកពីប្រទេសជប៉ុនចាញ់ល្បែងអស់គូថខោ បែកគំនិតឆបោកម៉ូតូមិត្តស្រី យកទៅស្រង់ដើម
រាជធានីភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ចាញ់ល្បែងអស់លុយសល់តែគូថខោ បែកគំនិតឆបោកយកម៉ូតូមិត្តស្រី បានសំរេចហើយ តែត្រូវមិត្តស្រីប្រើល្បិច ផ្ញើសារប្រាប់ឲ្យយកម៉ូតូមកវិញ ជាថ្នូរនឹងប្រាក់ ៨០០ដុល្លារ ក៏ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឡោមព័ទ្ធ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ម្តុំអង់តែនទួលគោក ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
នារីជាម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុត សុខហួច ហៅអាហួច អាយុ ១៩ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះលេខ 40E1 ផ្លូវលំ ក្រុម១៣ ភូមិបឹងសាឡាង ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ខ្លួនបានរៀនជាមួយ ជនឆបោកឈ្មោះ ញឹក សិរីវិទ្យា ហៅអាថេន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានរាប់អានគ្នា ជាមួយមិត្តភក្តិ ។
នារីរងគ្រោះបានបន្តទៀតថា កាលពីឆ្នាំ២០០៨ កន្លងមកនេះ ជនឆបោកបានទៅរៀន នៅប្រទសជប៉ុន លុះពេលត្រឡប់មកវិញ ពួកគេទាំងពីរនាក់ មិនដែលបានជួបមុខគ្នាទេ គ្រាន់តែជួបគ្នា តាមរយៈទូរស័ព្ទ លុះដល់យប់ថ្ងៃទី៣១ ខែឧសភា ជនឆបោកបានទូរស័ព្ទណាត់ជួប នៅម្តុំអង់តែនទូរទស្សន៍ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយនារីរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS 3419 ទៅជួបជនឆបោក ដែលកំពុងឈររង់ចាំ ។ ពេលទៅដល់ជនឆបោក ជាអ្នកបើកម៉ូតូ ដោយសុំឲ្យមិត្តស្រី ជូនទៅយានដ្ឋាន ជួសជុលរថយន្តមួយកន្លែង។
ពេលជិះទៅដល់រង្វង់មូល កាំកូស៊ីឌី មុខស្ថានីយតេលា ស្រាប់តែជនឆបបោកបានដាក់មិត្តស្រី ជាម្ចាស់ម៉ូតូឲ្យនៅរង់ចាំមួយភ្លែត គេយកប៉ុងប្រេងទៅឲ្យម៉ូយ ក៏ទៅបាត់រហូតទូរស័ព្ទលែងចូលទៀត ទើបម្ចាស់ម៉ូតូបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ។ បន្ទាប់ពីជនឆបោក បើកទូរស័ព្ទវិញ នៅតែមិនព្រមទទួលទូរស័ព្ទ ទើបនារីរងគ្រោះ ផ្ញើរសារប្រាប់ថា យកម៉ូតូមកឲ្យវិញមក នាងឲ្យប្រាក់ ៨០០ដុល្លារ គ្រាន់តែឮថា ឲ្យ ៨០០ដុល្លារ ជនឆបោកបានទូរស័ព្ទ មកនិយាយណាត់ជួបគ្នា រហូតជាប់ខ្នោះតែម្តង៕
Source from: watphnom-news.com

Loading...
Loading...