រាជរដ្ឋាភិបាលបង្កើត”ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប”នៅខេត្តព្រះវិហារ
តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យមួយលេខនស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ស្តីពីការបង្កើត"ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប" មានទំហំ១១៤,៣៥គីឡូម៉ែត្រក្រឡា ឋិតនៅក្នុងឃុំឆែបកើត និងឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ដែលត្រូវបានចាត់ទុកជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ។
រាជរដ្ឋាភិបាលបានអះអាងឲ្យដឹងថា ការបង្កើត"ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប"នេះឡើង ក្នុងគោលដៅអភិរក្សកេរដំណែលវប្បធម៌ឧស្សាហកម្មដែកបុរាណឫស្សីត្រឹប រួមទាំងខាងបុរាណវិទ្យា ជាតិពន្ធុវិទ្យា ប្រវត្តិវិទ្យា បរិស្ថានវិទ្យា និងរុក្ខវិទ្យា ដើម្បីលើកកម្រិតតម្លៃតំបន់អភិរក្សឧទ្យានជាតិ និងការពារឲ្យកាន់តែប្រសើរថែមទៀត និងអភិរក្សស្ថានីយ៍ឧស្សាហកម្មដែកបុរាណ និងអភិវឌ្ឍន័ជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ។
យោងតាមមាត្រា៥នៃព្រះរាជក្រឹត្យស្តីពីការបង្កើត"ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប" បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចផ្តាច់មុខជាអ្នកចាត់ចែងគ្រប់គ្រងរាល់កិច្ចការទាំងឡាយក្នុងបរិវេណឧទ្យានជាតិនេះ ។ ដើម្បីបំពេញបេសកកម្មទាំងនេះ រាជបណ្ឌិត្យសភាកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការចេញលិខិតអនុញ្ញាតសិក្សាស្រាវជ្រាវ និងការស្ថាបនាទាំងឡាយក្នុងបរិវេណអភិរក្សរបស់ឧទ្យាន ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា នយោបាយនៃការបង្កើតសមិទ្ធផលនានាដាក់ឈ្មោះ "តេជោ" ឬ "តេជោសែន" ភ្ជាប់នឹងគោរមងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ដូចជា "ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប", "ពហុកីឡដ្ឋានជាតិមរតកតេជោ"…ជាដើម ។ល៕
Source from: www.dtn7.com

Loading...
Loading...