កម្មករធ្វើទុយោមេទឹក របស់រដ្ឋាករទឹកភ្នំពេញ ត្រូវដីបាក់សង្កត់ស្លាប់ម្នាក់ របួស ២នាក់
រាជធានីភ្នំពេញ ៖ កម្មករកាប់គាស់ដី ធ្វើទុយោមេទឹក របស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត ដោយសារដីបាក់សង្កត់ពីលើ និង ២នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចការដ្ឋាន ធ្វើប្រឡាយទឹកមេ តាមបណ្ដោយផ្លូវវេងស្រេង ជិតរោងចក្រអ៊ីខាង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា បុគ្គលិករងគ្រោះ មានឈ្មោះ អ៊ុក សុខហេង ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ ហើយមុនពេលកើតហេតុ បុគ្គលិករដ្ឋាករទឹកស្វយ័ត បាននាំគ្នាចុះទៅក្នុងរណ្តៅ ជម្រៅប្រហែល ៣ម៉ែត្រ ដើម្បីតភ្ជាប់ទុយោ បណ្តាញទឹកស្អាត ។ នៅពេលដែលកំពុងធ្វើការ នៅក្នុងរណ្តៅនោះ ស្រាប់តែឭសំរឹបដីបាក់ ហើយក៏នាំគ្នាស្រែកឆោឡោថា ដីបាក់ហើយៗ កម្មករក៏នាំគ្នា រត់ឡើងមកលើអស់ ។
ដោយឡែកនៅសល់តែ ជនរងគ្រោះម្នាក់ឯង កំពុងឱនមូលខ្ចៅ ក្បាលទុយោមិនដឹងខ្លួន ក៏ត្រូវដីបាក់សង្កត់ពីលើ តែម្តង។ ភ្លាមៗនោះគ្រឿងចក្រ បានកាយយកបុគ្គលិករងគ្រោះ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូ វៀត ក៏ប៉ុន្តែដោយសារ ស្ថានភាពធ្ងន់ធ្ងរពេក បណ្តាលឲ្យបុគ្គលិករងគ្រោះ ស្លាប់បាត់បង់ជីវិត នៅវេលា ២និង៤០ នាទីថ្ងៃដដែល។សាកសពត្រូវបានប្រធាន ទទួលបន្ទុកការដ្ឋាន រដ្ឋាករទឹកស្វយ័ត រៀបចំឲ្យរថយន្តដឹកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
Source from: watphnom-news.com

Loading...
Loading...