កំពុងមើលបាដាងគោយន្ត ត្រូវឡានសណ្តោងកុងតឺន័របុកស្លាប់ ក្នុងថ្លុកឈាមទាំង ២នាក់
ខេត្តបាត់ដំបង ៖ រថយន្តដឹកកុងតឺន័រ មានសណ្តោងកន្ទុយ បានបើកបុកបុរស ២នាក់ ពេលកំពុងឈប់មើល បាដាងគោយន្ត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រីឯអ្នកបើកបររថយន្តបង្ក គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៤ ព្រឹកថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០១៤ នៅលើលំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិរាមគន្ធ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ លត រតនៈ ភេទប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ ទោម វេន ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកបើកបរគោយន្ត អ្នកទាំង២ មានទីលំនៅ ក្រុមទី១៥ ភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើដំណើរតាម គោយន្តកន្ត្រៃមួយគ្រឿង។ ចំណែករថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A1712 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ គោយន្តមានមនុស្សជិះ ៣នាក់ ធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ បានឈប់ហើយមនុស្ស ២នាក់ បានចុះពិនិត្យមើលកង់ក្រោយ ពេលនោះរថយន្តប្រភេទកុងតឺន័រ ២គ្រឿង បើកបន្តកន្ទុយគ្នា ពីកើតទៅលិច គឺពីភ្នំពេញទៅបាត់ដំបង ក្នុងទិសដៅស្របទិសគ្នា។ ពេលជនរងគ្រោះ ២នាក់ កំពុងឈចំទិតគូថ មើលកង់គោយន្ត ឬដុំបាដាងកង់ក្រោយនោះ រថយន្តមួយគ្រឿងខាងមុខ បានបើកទៅផុត ចំណែករថយន្តមួយគ្រឿងទៀត បានបើកបុកបុរស ២នាក់ ស្លាប់ក្នុងថ្លុកឈាម ហើយរុលទៅបុកដើមឈើ នៅមុខផ្ទះអ្នកស្រុក រហូតទៅមុខលែងរួច៕
Source from: watphnom-news.com

Loading...
Loading...