តាមចាប់ឃាត់ខ្លួនជនល្មើសដល់ក្នុងផ្ទះ បន្ទាប់ពីប្រើកាំបិត ធ្វើសកម្មភាពប្លន់អ្នករត់ម៉ូតូឌុប
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅនឹងផ្ទះជនសង្ស័យ ពីបទប្លន់ជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប ហើយបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះ សឺន កំសត់ ភេទប្រុស អាយុ ២១ឆ្នាំ គ្មានមុខរបបពិតប្រាកដ រស់នៅភូមិប៉ាលិលេយ្យ សង្កាត់.ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅពេលចាប់ខ្លួន ជនសង្ស័យឈ្មោះ សឺន កំសត់ គឺកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ អ៊ីដេត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបបអ្នករត់ម៉ូតូឌុប ដែលរស់នៅភូមិ មិត្តភាព សង្កាត់.ក្រុង ប៉ោយប៉ែត ដែលបានប្តឹងជនជាប់ចោទ ពីបទធ្វើសកម្មភាពប្លន់យកម៉ូតូ។
ជនរងគ្រោះបានរំលឹកថា នៅពេលដែលជនរងគ្រោះ បើកម៉ូតូទៅឌុបជនសង្ស័យ ដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យ បានយកកាំបិតចាក់ចំពង់ក ផ្នែកខាងឆ្វេងបណ្តាលឲ្យ រងរបួសធ្ងន់ នៅពេលប្រតាយប្រតប់គ្នា ដណ្តើមយកម៉ូតូ តែមិនបានសម្រេច ហើយជនសង្ស័យ បានរត់គេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង ២និង២០ នាទី រសៀលពីថ្ងៃទី០១ មិថុនា ២០១៤ ចំណុចផ្លូវលំ ក្នុងភូមិប៉ាលេយ្យ២ សង្កាត់.ក្រុង ប៉ោយប៉ែត៕
Source from: watphnom-news.com

Loading...
Loading...