រដ្ឋមន្ត្រីឥណ្ឌាម្នាក់ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
គណៈរដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវក្តីអាឡោះអាល័យពន់ពេកចំពោះមរណភាពរដ្ឋមន្ត្រីរបស់ខ្លួនម្នាក់ដែលជួបហេតុការណ័គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៦និង៣០នាទីព្រឹក នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ ខណៈលោករដ្ឋមន្ត្រីរូបនោះធ្វើដំណើរតាមរថយន្តម៉ាក SUZUKI SX4 (ជិះនៅផ្នែកកៅអីខាងក្រោយរថយន្ត) ឆ្ពោះទៅកាន់អាកាសយានដ្ឋានក្នុងក្រុង Delhi ត្រូវបានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ។
សមាជិកគណៈរដ្ឋមន្ត្រីឥណ្ឌាដែលទទួលមរណភាពពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Aee India Institute of Medical Sciencer នាវេលាម៉ោងប្រមាណ០៧ព្រឹកនោះ គឺលោក Gopinath Munde អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាមន្ត្រីនៃគណបក្ស Bharatiya Janalta Party (BJP) ។
លោក Gopinath Munde ធ្លាប់បានជាប់ឆ្នោតជាសមាជិកសភាជាន់ទាបកាលពីឆ្នាំ២០០៩ និងបានជាប់ឆ្នោតជាថ្មីទៀតនៅឆ្នាំ២០១៤នេះ ហើយក៏បានតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិរបស់រដ្ឋាភិបាលលោក Narendra Modi ជានាយករដ្ឋមន្ត្រី ។
ទាំងលោក Narendra Modi ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សនយោបាយ BJP បានចូលរួមសម្តែងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោករដ្ឋមន្ត្រី Gopinath Munde ដែលនឹងត្រូវយកទៅបូជានៅសង្កាត់ The Beed District of Maharastra ជាស្រុកកំណើតរបស់លោក Munde ៕
Source from: www.dtn7.com

Loading...
Loading...