បង្ក្រាបបទល្មើសឈើប្រណីតនៅខេត្តក្រចេះក្លាយជាសមរភូមិផ្ទុះអាវុធច្រើនគ្រាប់បណ្តាលឲ្យស្ត្រីសរសៃខ្ចីម្នាក់រងរបួសនិងចាប់ខ្លួនមនុស្ស២នាក់
ករណីអាជ្ញាធរមានសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បើកប្រតិបត្តិការបង្ក្រាបបទល្មើសការជួញដូរ និងដឹកជញ្ជូនឈើប្រណីត កាលពីពេលរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ នៅត្រង់ចំណុចក្បែរវត្តស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាប់នឹងផ្លូវជាតិលេខ៧នោះ បានក្លាយជាសមរភូមិផ្ទុះអាវុធអស់ជាច្រើនគ្រាប់ ភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងលង់លក់ស្រួលក្នុងដំណេក ដោយសមត្ថកិច្ចបង្ក្រាបបានរថយន្តម៉ាកសាំងយ៉ុង(Ssang Yong) ដឹកឈើធ្នង់មួយគ្រឿង ចាប់ខ្លួនមនុស្ស២នាក់ និងបណ្តាលឲ្យស្ត្រីវ័យក្មេងសរសៃខ្ចីទើបសម្រាលកូនបានអាយុជិត២ខែម្នាក់ រងរបួសត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ។
ស្ត្រីរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងរងរបួសដៃខាងស្តាំ និងស្មាខាងឆ្វេង ក្នុងបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើរបស់អាជ្ញាធរមានសមត្ថកិច្ចនោះ មានឈ្មោះ ហ៊ាល រី អាយុ២៣ឆ្នាំ និងប្តីឈ្មោះ ឈឹម សូនី មានទីលំនៅចម្ងាយប្រមាណ១៥ម៉ែត្រពីកន្លែងកើតហេតុ ដែលមានការផ្ទុះអាវុធ ខណៈនាងងើបអង្គុយបំបៅកូនទី២នៅលើផ្ទះដែលទើបកើតបានអាយុជិត២ខែ ។
ដោយឡែក បុរសចំនួន២នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ ង៉ាន ម៉េងហុង អាយុ៣១ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ មឿន ម៉ាប់ អាព្រូរថយន្ត ម៉ាកសាំងយ៉ុងដឹកឈើធ្នង់ ត្រូវបាននាំខ្លួនភ្លាមៗមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះទាំងរំលងអធ្រាត្រ ។
តាមការបញ្ជាក់របស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដែលដឹកនាំកម្លាំងសាធារណៈចុះបង្ក្រាបបទល្មើសការដឹក និងជួញឈើប្រណីតជាមួយលោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានសេចក្តីរាយការណ៍មកថា មានរថយន្តដឹកឈើធំៗ នាំឲ្យកម្លាំងរបស់លោកដេញតាមរថយន្តដឹកឈើទាំងនោះ និងក៏បានរាយការណ៍ជូនលោកព្រះរាជអាជ្ញាផង ។ បន្ទាប់មក ត្រូវបានក្រុមឈ្មួញឈើព័ទ្ធកាក់រថយន្តលោកព្រះរាជអាជ្ញាមិនឲ្យបន្តដំណើរទៅមុខកើត ព្រមទាំងមានរថយន្តទំនើបម៉ាក Lexus មកព័ទ្ធពីក្រោយថែមទៀត ។ ក្នុងស្ថានភាពតានតឹងបែបនេះ លោកក៏បានទំនាក់ទំនងជាមួយរដ្ឋបាលព្រៃឈើស្វាយជ្រះ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការគ្នាបង្ក្រាប ធ្វើឲ្យក្រុមដឹកជញ្ជូនឈើបើករថយន្តរត់គេច តែដំណាលគ្នានោះ រថយន្ត Lexus របស់ឈ្មួញឈើបានដេញតាមពីក្រោយ និងបានបាញ់សំដៅមកលើរថយន្តរបស់លោកព្រះរាជអាជ្ញា ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា ហើយក្រុមជនល្មើសក៏បានបើករថយន្តគេចខ្លួនទៅបាត់ ខណៈសមត្ថកិច្ចក៏ចាប់បានជនល្មើសចំនួន២នាក់ ។ បន្ទាប់ពីចាប់បានជនល្មើស២នាក់រួចហើយ ក្រុមបក្ខពួកជនល្មើសក៏បានលើកគ្នាមកទៀត ក្នុងបំណងដើម្បីរំដោះរថយន្តដឹកឈើ និងមនុស្ស ប៉ុន្តែដោយមានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ច្រើននាក់ ធ្វើឲ្យក្រុមជនល្មើសនោះរត់គេចខ្លួនអស់ទៅ ។
លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យដែលចាប់ខ្លួនបាននោះ គឺបានចង្អុលបង្ហាញឲ្យឃើញនូវមុខសញ្ញាក្រុមឈ្មួញឈើដែលជាប់ពាក់ព័ន្ធ រួមមានឈ្មោះ ពៅ និងឈ្មោះ ធី រួមទាំងមានមន្ត្រីមួយចំនួនទៀតចូលរួមផង ។
តាមការកត់សម្គាល់ជាក់ស្តែង បានបង្ហាញឲ្យឃើញថា បទល្មើសព្រៃឈើនៅបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា គឺបានកើតឡើងជាប់ជាប់ជាប្រចាំ ដោយមានមន្ត្រីធំៗ និងឈ្មួញគ្រាក់ៗជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសនេះអស់ជាច្រើនឆ្នាំមកហើយៗក៏មិនងាយនឹងបង្ក្រាបអស់ងាយៗដែរ ដ្បិតថ្នាក់លើកំពូលបានត្រឹមតែស្រែកឲ្យរួចពីមាត់ រីឯការអនុវត្តដៃទទួលយកលុយច្រកដាក់ក្នុងហោប៉ៅ ៕
Source from: www.dtn7.com

Loading...
Loading...