ទឹកមាត់ត្រចៀកកាំកោះកុងកំប៉ុងខ្ពើមអក្សរខ្មែរ សរសេរតែអក្សរយួន ចិន និងអង់គ្លេស
ទាំងអ្នកធ្លាប់ប្រើប្រាស់ក្តី ទាំងអ្នកមិនទាន់បានប្រើប្រាស់ក្តី ពេលបានឃើញផលិតផលទឹកមាត់ត្រចៀកកាំកោះកុងផលិតជាកំប៉ុង បានសម្តែងនូវការហួសចិត្ត និងឈឺចាប់ឥតគណនា ដោយផលិតផលច្រកជាកំប៉ុងនេះសរសេរថា ផលិតនៅប្រទេសកម្ពុជា "Product of Cambodia" ដែលមានអាសយដ្ឋានដាក់ថា ឋិតនៅផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែនៅលើសម្បកកំប៉ុងបែរជាសរសេរតែអក្សរយួន ចិន និងអង់គ្លេស ប៉ុណ្ណោះ គឺខ្ពើមមិនខ្ចីសរសេរអក្សរខ្មែរមួយតួឡើយ ។
ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បាននាំគ្នាធ្វើការរិះគន់យ៉ាងព្រោងព្រាតថា ផលិតផលទឹកមាត់ត្រចៀកកាំកោះកុង "Koh Kong Bird´s Net" ផលិតនៅប្រទេសកម្ពុជាទាំងមូល មិនសរសេរអក្សរខ្មែរដែលជាអក្សរផ្លូវការដូចមានចែងនៅក្នុងមាត្រា៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា នៅលើសម្បកកំប៉ុងសូម្បីតែមួយតួ ដើម្បីលើកស្ទួយមុខមាត់ប្រទេសផលិត បែរជាសរសេរតែអក្សរយួន ចិន និងអង់គ្លេស ទៅវិញ គឺហាក់ដូចជាខ្ពើមរអើមនឹងអក្សរខ្មែរខ្លាំងណាស់ ។
សូមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ និងជាក្រសួងពាណិជ្ជកម្ម មានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី ព្រមទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី ដែលជាសេនាធិការភ្នែក ច្រមុះ ឲ្យរាជរដ្ឋាភិបាល មេត្តាធ្វើការត្រួតពិនិត្យសាជាថ្មីឡើងវិញ និងមានវិធានការតម្រូវឲ្យក្រុមហ៊ុនដែលផលិតទឹកត្រចៀកកាំកោះកុងនោះសរសេរជាអក្សរខ្មែរខ្លះផងនៅលើសម្បកកំប៉ុងនៃផលិតផលរបស់ខ្លួន ដើម្បីលើកស្ទួយកិត្យានុភាពប្រទេសផលិតផង ៕
Source from: www.dtn7.com

Loading...
Loading...