អាជ្ញាធរខេត្តកំពតខ្សោយ ទើបស្វែងរកម្ចាស់ដីឡូត៍កណ្តាលក្រុងមួយកន្លែងមិនឃើញ និងធ្វើឲ្យខាតបង់ប្រាក់ពន្ធរដ្ឋទៀត
ដីឡូត័ដ៏ធំមួយកន្លែងជាអតីតទីតាំងរោងចក្រតម្បាញ ឋិតនៅមុខសាកលវិទ្យាល័យអង្គរខេមរា ឋិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ត្រូវបានគេទុកចោលមិនថែទាំ បណ្តាលឲ្យកើតចេញជាព្រៃក្រាស់ឃ្មឹកនៅកណ្តាលក្រុង បង្កឲ្យមានការព្រួយបារម្ភដល់បញ្ហាសុខភាព សោភ័ណភាពណិ និងសុវត្ថិភាពចំពោះអ្នកធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ដ្បិតអាចក្លាយជាទីកន្លែងលាក់ខ្លួននៃក្រុមជនប្រព្រឹត្តបទល្មើស រួមទាំងជាជម្រកសត្វមានពឹសផ្សេងៗ ដូចជាសត្វពស់ជាដើម ខណៈដែលអាជ្ញាធរខេត្តកំពតមិនបានខ្នះខ្នែងស្វែងរកម្ចាស់ដីឡូត៍នេះឲ្យឃើញឡើយ ។
សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់កណ្តាលម្នាក់ បានមានប្រសាសន៍ឲ្យដឹងថា បើនិយាយអំពីទីតាំងដីឡូត៍ដ៏ធំកណ្តាលក្រុងនេះវិញ គឺនាំឲ្យឈឺក្បាល ដ្បិតខាងអាជ្ញាធរសង្កាត់ប្រៀបប្រដូចបានទៅនឹងខ្ញុំកញ្ជះរបស់ម្ចាស់ដីឡូត៍នេះតែម្តង ដោយសារពេលមានពិធីបុណ្យជាតិធំៗ ឬក៏មានថ្នាក់ដឹកនាំកំពូលៗអញ្ជើញមកទឹកដីក្រុងកំពត អាជ្ញាធរថ្នាក់ខាងលើតែងតែបង្គាប់បញ្ញាឲ្យអាជ្ញាធរសង្កាត់ចុះទៅសម្អាតត្រង់កន្លែងដីឡូត៍នេះ ទាំងមិនដឹងថាម្ចាស់ដីនៅទីណាផង ។ រីឯការសម្អាតដីឡូត៍នេះទៀងសោត គឺបានត្រឹមចូកជម្រះស្មៅខាងមុខប៉ុណ្ណោះ ចំណែកខាងក្នុងដុះព្រៃក្រាស់ចូលមិនចុះឡើយ ហើយក៏អាចជាជម្រកសត្វពស់វែករស់នៅផងក៏ថាបាន ។
មន្ត្រីដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់កំពង់កណ្តាលដដែល បានមានប្រសាសន៍ឲ្យដឹងដែរថា ដីឡូត៍នេះត្រូវគេទុកឲ្យឋិតក្នុងស្ថានភាពទំនេរ មិនប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយៗមិនដឹងថា ម្ចាស់ដីនៅទីណាទេ និងជាជនជាតិអ្វីដែរ ។
ដោយឡែក លោក សូត យា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានថា ដីឡូត៍នេះមិនមានការថែទាំឲ្យបានត្រឹមត្រូវទេ ដោយគេទុកឲ្យនៅទំនេរជាយូរមកហើយៗខេត្តបានធ្វើលិខិតអំពាវនាវដល់ម្ចាស់ដីឲ្យមកថែរក្សាដែរ ព្រោះមិនឲ្យកើតមានព្រៃនៅក្នុងក្រុង ប៉ុន្តែរកម្ចាស់មិនឃើញ ដ្បិតមានការទិញលក់ ផ្ទេរសិទ្ធិតៗគ្នាពីមួយទៅមួយ(Sic!) ។
មជ្ឈដ្ឋានអ្នកសេដ្ឋកិច្ច និងអ្នកច្បាប់បានធ្វើការរិះគន់ទៅលើអាជ្ញាធរខេត្តកំពតថា សូម្បីតែដីឡូត៍មួយដុំក៏ស្វែងរកម្ចាស់ដីមិនឃើញផង បានត្រឹមតែដឹងថា មានមនុស្សលក់ដូរ ផ្ទេសិទ្ធិដីធ្លីនេះតៗគ្នា ដូច្នេះ មានតែការលក់ដូរនោះមិនធ្វើតាមនីតិវិធីចុះបញ្ជីសុរិយោដីត្រឹមត្រូវ និងម្យ៉ាងទៀត ម្ចាស់ដីឡូត៍នោះក៏មិនបានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ផងដែរ ពីព្រោះបើមានការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបានបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវលើការផ្ទេរសិទ្ធិដីធ្លីនោះ គឺអាជ្ញាធរមានសមត្ថកិច្ចនឹងអាចស្វែងរកឃើញម្ចាស់ដីឡូត៍បង្កើតព្រៃនៅកណ្តាលក្រុងជាក់ជាមិនខាន ។ ដូច្នេះ ករណីដីឡូត៍បង្កើតព្រៃនៅកណ្តាលក្រុងកំពត ខេត្តកំពត ដែលរកម្ចាស់មិនឃើញនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពកម្សោយរបស់អាជ្ញាធរខេត្តកំពត និងក៏បានបង្ហាញអំពីការបាត់បង់ប្រាក់ពន្ធចំណូលរដ្ឋ ទាក់ទងនឹងការគ្រប់គ្រងដីធ្លីនេះផងដែរ ៕
Source from: www.dtn7.com

Loading...
Loading...