អាជ្ញាធរយោធាថៃបន្តតាមដានឃ្លាំមើលសកម្មភាពរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅបរទេសយ៉ាងដិតដល់បំផុត
ថ្វីដ្បិតលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលទម្លាក់ពីអំណាចដោយតុលាការធម្មនុញ្ញកាលពីខែឧសភា ឆ្នាំ២០១៤នោះ ទទួលបានសេរីភាពធ្វើដំណើរចាកចេញទៅបរទេស តាមការអនុញ្ញាតពីអាជ្ញាធរយោធាថៃរួចហើយក៏ដោយ ក៏របបយោធាថៃនៅតែបន្តតាមដានឃ្លាំមើលសកម្មភាពរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីរូបនេះនៅបរទេសយ៉ាងយកចិត្តទុកដាក់បំផុត រួមទាំងថតទុកអំពីសកម្មភាពនានាជាឯកសារទៀតផង ។
បច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងឋិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមអបអរបុណ្យខួបកំណើតគម្រប់៦៥ឆ្នាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាកាលពីអំឡុងឆ្នាំ២០០៦ និងត្រូវជាបងប្រុសបង្កើតរបស់លោកស្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២៦ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលលោកស្រីក៏មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់បណ្តាប្រទេសជាច្រើនទៀត ទាំងនៅទ្វីបអឺរ៉ុប ទាំងនៅទ្វីបអាមេរិក ។
ប្រភពព័ត៌មានពីមន្ត្រីយោធាថៃ បានប្រាប់បណ្តាញសារព័ត៌មានថៃថា អាជ្ញាធរយោធាថៃបានអនុញ្ញាតឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ធ្វើដំណើរកម្សាន្តទៅបរទេសត្រឹមឋិតក្នុងក្របខ័ណ្ឌជួបជុំជាមួយសមាជិកគ្រួសារប៉ុណ្ណោះ ប៉ុន្តែហាមឃាត់ការជួបក្រុមនយោបាយណាមួយ និងការចូលរួមកិច្ចប្រជុំណាមួយដែលអាចមានសារៈសំខាន់ខាងនយោបាយ ៕
Source from: www.dtn7.com

Loading...
Loading...