ថៅកែស្រីហាងលក់ភេសជ្ជៈយីហោ រស្មី ទេពប្រណម្យ ចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក
មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកមួយកើតឡើងនៅហាងលក់ភេសជ្ជៈយីហោ រស្មី ទេពប្រណម្យ នាវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយថៅកែស្រីហាងលក់ភេសជ្ជៈនេះបានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងខ្សែរូតវាំងនន ក្នុងបន្ទប់ជាន់លើនៃលំនៅឋានរបស់ខ្លួន ឋិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ស្ត្រីជាថៅកែហាងលក់ភេសជ្ជៈយីហោ រស្មី ទេពប្រណម្យ ដែលដាច់ចិត្តចងកសម្លាប់ខ្លួននោះ មានឈ្មោះ រស់ រស្មី អាយុ៣៦ឆ្នាំ និងមានប្តីឈ្មោះ សូ សាយ ហៅ ធំ ជាអ្នកគ្រប់គ្រងចាត់ការទូទៅនៅសណ្ឋាគារអេម ហ្វ្រេស ដោយមានកូនប្រុសជាចំណងដៃសម្ព័ន្ធស្នេហាគ្រួសារចំនួន៣នាក់ ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យឯកទេសខាងកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រីជាថៅកែហាងលក់ភេសជ្ជៈរូបនេះបានចងកធ្វើអត្តឃាតដោយខ្លួនឯង ពីព្រោះគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នៅពេលពិនិត្យសាកសពឡើយ ។
ប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់ស្ត្រីជាថៅកែហាងលក់ភេសជ្ជៈយីហោ រស្មី ទេពប្រណម្យ ឈ្មោះ រស់ រស្មី នោះ បានបង្ហើបប្រាប់ឲ្យដឹងថា នាពេលកន្លងមក គ្រួសារប្តី-ប្រពន្ធនេះធ្លាប់មានទំនាស់ផ្ទៃក្នុងដោយសារភាគីខាងប្តីលួចមានស្រីនៅខាងក្រៅ ប៉ុន្តែបងប្អូនក្រុមគ្រួសារចេះតែសម្របសម្រួលឲ្យភាគីខាងប្រពន្ធធ្វើការអត់ធ្មត់ អនុគ្រោះឲ្យប្តី ដើម្បីបានរួមរស់ជាមួយគ្នាតទៅទៀត ។ ប៉ុន្តែការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនរបស់ភាគីប្រពន្ធនេះ គឺមិនទាន់អាចសន្និដ្ឋានបានថា គឺផ្តើមចេញពីទំនាស់ផ្ទៃក្នុងគ្រួសាររឿងប្តីលួចមានស្រីខាងក្រៅឬយ៉ាងណានោះនៅឡើយទេ ៕
Source from: www.dtn7.com

Loading...
Loading...