អតីតនាយករដ្ឋមន្ត្រីថៃជាបងប្អូនបង្កើតបានជួបជុំគ្នាហើយនៅទីក្រុងប៉ារីសប្រទេសបារាំង
អតីតនាយករដ្ឋមន្ត្រីថៃដែលជាបងប្អូនបង្កើត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានមកជួបជុំគ្នាហើយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាមួយនឹងកូនប្រុសបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ តាមក្រុមហ៊ុនអាកាសចរណ៍ថៃ មានជើងហោះហើរ TG930 នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ។
បងប្អូនបង្កើតដែលជាអតីតនាយករដ្ឋមន្ត្រីថៃទាំងពីរ បានឱបថើបគ្នាដោយក្តីនឹករលឹកពន់ពេក ខណៈបានជួបគ្នានៅអាកាសយានដ្ឋានទីក្រុងប៉ារីស ប្រទេសបារាំង ហើយដែលគេរំពឹងទុកថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា វ័យ៤៧ឆ្នាំ ដែលត្រូវបានតុលាការធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែងនាខែឧសភា ឆ្នាំ២០១៤ នឹងចូលរួមពិធីខួបកំណើតគម្រប់៦៥ឆ្នាំនៅថ្ងៃស្អែក ទី២៦ ខែកក្កដា ឆ្នាំ២០១៤ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធា កាលពីអំឡុងឆ្នាំ២០០៦ ។
ទោះបីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ធ្លាប់បានប្រាប់អ្នកកាសែតថា នឹងវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ខាងមុខ ក្រោយបញ្ចប់គម្រោងដំណើរកម្សាន្តសម្រាកលំហែកាយនៅបណ្តាប្រទេសមួយចំនួន ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ប៊ែលហ្ស៊ិក និងសហរដ្ឋអាមេរិកក្តី គឺមានប្រជារាស្ត្រថៃមួយចំនួនបានទស្សន៍ទាយទុកជាមុនថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងមិនវិលត្រឡប់មកប្រទេសថៃវិញឡើយ ៕
Source from: www.dtn7.com

Loading...
Loading...