ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានថ្លែង ថា ជំនួយអាម៉េរិក មកកាន់អង្គការសង្គមស៊ីវិល នៅកម្ពុជា បញ្ជាក់ឲ្យឃើញថា លទ្ឋិប្រជាធិបតេយ្យនៅ កម្ពុជា បានដំណើរការយ៉ាងល្អ ទោះបីជាសាធារណៈមួយចំនួនរិះគន់ក្តី ។
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង ត្រូវបានឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅកម្ពុជា លោក William E. Todd អញ្ជើញចូលរួមកម្មវិធី នៃថ្ងៃបុណ្យឯករាជ្យជាតិ អាម៉េរិកលើកទី ២៣៨ (០៤ កក្កដា ១៧៧៦ - ០៤ កក្កដា ២០១៤) នៅ ស្ថានទូតសហរដ្ឋអាម៉េរិក ក្បែររមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៤ ។
នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួម ពីមន្រ្តីសំខាន់ៗ មកពីស្ថាប័នផ្សេងៗជាច្រើន រួមទាំងក្រុមយកសារ ព័ត៌មានផងដែរ ។
លោក ហោ ណាំហុង បានថ្លែងថា «ជំនួយរបស់អាម៉េរិក មកកាន់អង្គការសង្គមស៊ីវិលច្រើនពាន់ បង្ហាញ ឲ្យឃើញពី លទ្ធិប្រជាធិបេតយ្យកម្ពុជា បានដំណើរការយ៉ាងល្អ ព្រោះអាម៉េរិក មិនត្រឹមជួយដល់រដ្ឋាភិ បាលកម្ពុជានោះទេ ថែមទាំងអង្គការសង្គមស៊ីវិលផងដែរ»។
លោកបានបន្ថែមថា កម្ពុជាបានសម្រេចនូវសេចក្តីថ្លែងការណ៍លើកដំបូង ស្តីពីអាស៊ាន និងសិទ្ធមនុស្ស ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ប៉ារាក់ អូប៉ាម៉ា មកកាន់ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ ហើយកម្ពុជា សូមអរគុណដល់អាម៉េរិក ដែលជួយកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យអប់រំ សុខភាព បោសសំអាតមីនជាដើម ។
សូមជម្រាបថា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃបិតាស្ថាបនិករបស់ ប្រទេសអាម៉េរិក បានចុះហត្ថ លេខា លើសេចក្តីប្រកាសឯករាជ្យសម្រាប់ប្រទេសអាម៉េរិក ដែលបានចាក់គ្រឹះ នៃប្រព័ន្ធរដ្ឋាភិបាលថ្មី មួយ ៕
------------
Source from: Dap-news

Loading...
Loading...