
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ ម៉ាកវីវ៉ា ពីត្រើយខាងកើត មកឈប់លើស្ពាន ជ្រោយចង្វា ហើយក៏បានលោតទឹក ដើម្បីបញ្ចប់ជីវិតបានដូចបំណង មិនមានអ្នកណាជួយបានឡើយ ដោយបន្សល់ទុកតែម៉ូតូនៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០ នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចបង្កាន់ដៃ ស្ពានជ្រោយចង្វាប៉ែកខាងជើង ។
បុរសដែលមានវិបត្តិដោះស្រាយមិនចេញ ហើយសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានអ្នកណាស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គាត់មានអាយុប្រហែល ៣០ឆ្នាំ។ សាក្សីដែលឃើញផ្ទាល់ភ្នែក បាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូពីគល់ស្ពានជ្រោយខាងកើត រហូតមកដល់ពាក់កណ្ដាលស្ពាន ក៏ទុកម៉ូតូចោលហើយលោត ទៅទិសខាងជើង ចូលទឹកប្រូងតែម្តង។
ខណៈដែលបុរសរងគ្រោះ លោតទៅដល់ក្នុងទឹកភ្លាម ស្រាប់តែលិចបាត់ទៅក្នុងទឹកតែម្តង គ្មានអ្នកណាជួយបានឡើយ បើទោះបីជាប៉ូលិសនាំគ្នា ចេញទូកទៅជួយ ក៏មិនទាន់ដែរ។ បុរសរងគ្រោះ បានមកលោតទឹកដោយបន្សល់ទុក ម៉ូតូម៉ាកវីវ៉ាពណ៌ ខ្មៅមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1 AK.8520 នៅលើស្ពានជ្រោយចង្វា។ ក្រោយពេលទទួលដំណឹងថា មានមនុស្សលោតទឹក ប៉ូលិសគោលដៅទី៣យាមស្ពាន បានទៅកន្លែងកើតហេតុ ហើយយកម៉ូតូជនរងគ្រោះ មករក្សាទុករង់ចាំបងប្អូនមកទំនាក់ទំនង៕
Source from: watphnom-news.com