
ខេត្តប៉ៃលិន ៖ ដោយសារតែជឿតាមពាក្យញុះញង់ បំបែកបំបាក់របស់ម្តាយ ស្ត្រីវ័យក្មេងម្នាក់បានវេចបង្វិច ចុះចោលប្តីនិងកូនស្រីអាយុ ១ខួបដោយគ្មានអាលោះអាល័យ បន្តិចណាសោះឡើយ នាំឲ្យបុរសជាប្តីឈឺចុកចាប់ ហូរស្រក់ទឹកភ្នែកតាមកូនស្រី ដែលយំស្រែទារបៅដោះម្តាយ ហើយស្ត្រីជាប្រពន្ធបានជេរប្រមាថ និងបោះពាក្យសម្តីប្រាប់គេថា ប្តីនាងអាចរកបានច្រើនទៀត ដូច្នេះនាងសុខចិត្តបោះបង់ប្តី និងកូនតូចនេះ ទៅតាមម្តាយវិញ។
ស្ត្រីវ័យក្មេងដែលចុះចោលប្តី និងកូនអាយុមួយខួបមានឈ្មោះ អ៊ុន ស្រីចិន អាយុ ២១ឆ្នាំ មានម្តាយឈ្មោះ អ៊ួន សុឃី អាយុ ៤៧ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅ ក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ចំណែកបុរសជាប្តីមានឈ្មោះ នី ម៉ៅ អាយុ ២៥ឆ្នាំ ជាកម្មករសំណង់ មានកូនស្រីម្នាក់ឈ្មោះ ម៉ៅ ចិន្តា អាយុ ១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រជាពលរដ្ឋនៅក្បែរខាងបានខ្សឹបខ្សៀវថា ស្ត្រីជាប្រពន្ធធ្លាប់រត់ចោលប្តី និងកូនទៅតាមម្តាយបង្កើតរបស់ខ្លួន ដែលតែងតែមកល្បួងនាំយកនាង ឲ្យទៅរកស៊ីធ្វើការតាមហាងការ៉ាអូខេ និងបញ្ចុះបញ្ជូលឲ្យយកប្តីទៀតចំនួន ៥លើក មកហើយ តែបុរសជាប្តីបានតាមស្វែងរកប្រពន្ធឲ្យត្រលប់មក រួមរស់ជាមួយគ្នា។ រហូតដល់រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងជាប្រពន្ធបានចុះចោលប្តី និងកូនស្រីអាយុ ១ឆ្នាំ ក្នុងគោលបំណងទៅធ្វើការ តាមហាងការ៉ាអូខេ តាមការញុះញង់របស់ម្តាយ៕
Source from: watphnom-news.com