ខេត្តរតនគិរី ៖ រថយន្តតាកូម៉ា បានបើកបុកម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យឪពុកនិងកូនប្រុសតូចម្នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ ក្លានដូត អាយុ ៣០ឆ្នាំ បានជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1Z-1460 ឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិសោមកានិញ ឃុំសោមធំ ដើម្បីជូនទៅបោចស្មៅដំណាំក្នុងចម្ការ ហើយក្នុងពេលនោះ ក៏បានយកកូនប្រុសឈ្មោះ សល់ សាំង ទៅជាមួយផងដែរ ហើយពេលឌុបប្រពន្ធ ទៅដល់គោលដៅហើយ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ។
ពេលជិះម៉ូតូជិតដល់ផ្លូវចូលភូមិ ស្រាប់តែរថយន្ត ម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A0-3592 បើកបរពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យឪពុកនិងកូនតូច ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ អ្នកបើកបររថយន្តបង្កហេតុមានឈ្មោះ ញៀន សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានអ្នកភូមិចាប់ខ្លួន ប្រគល់ទៅឲ្យមន្ត្រីអាវុធហត្ថដើម្បីចាត់ការបន្ត៕
Source from: watphnom-news.com