
ខេត្តព្រះសីហនុ ៖ សកម្មភាពដឹកជញ្ជូននាំចូល ប្រេងសាំងគេចពន្ធតាមទូកធំៗ របស់មេឈ្មួញ កែវ ទូច ហៅចែ០២ ជាប្អូនស្រីសំណព្វចិត្តរបស់លោក កែវ សុខឃាង ដែលទើបតែផ្លាស់ចេញ ពីតំណែងមេគយចល័ត នៅទូទាំងប្រទេសមិនមានភាពថមថយនោះទេ ហើយចង់ខ្លាំងជាងមុនទៅទៀត ក៏ព្រោះតែគេដឹងថា លោក កើត សុធារ៉ា ដែលជាមេគយចល័តទើបឡើងថ្មី អតីតជាប្រធានសាខាគយ នៅខេត្តព្រះសីហនុ ក៏ជាមនុស្សជំនិតនិងធ្លាប់សុំលុយពីឈ្មួញ កែវ ទូច ហៅចែ០២ ចាយវាយផងដែរ។
មន្ត្រីមួយចំនួនដែលមិនបានផលប្រយោជន៍ ពីការនាំចូលប្រេងសាំងគេចពន្ធ របស់មេឈ្មួញ កែវ ទូច ហៅចែ០២ បានលើកឡើងថា ទូកធំៗដែលផ្ទុកបានជាង ១ម៉ឺនលីត្រក្នុងមួយទូកចំនួន ៤ទៅ៥ គ្រឿង បានដឹកជញ្ជូនប្រេងសាំងគេចពន្ធ ពីចំណុចកោះរ៉ុង ឡើងមកផែកំពេញ នៅចំណុចស្ទឹងហាវ តាមរបៀបវិលជុំ ហើយមានកម្មករលើកដាក់ លីសែងជាប់ជាប្រចាំ មិនសូវទំនេរដៃទេ។ មេឈ្មួញ កែវ ទូច ហៅចែ០២ សកម្មបំផុតក្នុងការរត់ពន្ធប្រេងសាំង មកពីស្រុកយួននិងស្រុកសៀម មិនខុសពីចោរលួចជាតិនោះទេ ដោយសម្អាងថា គាត់គឺជាប្អូនស្រីសំណព្វចិត្តរបស់លោក កែវ សុខឃាង នាំឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ មានការយោគយល់ មិនហ៊ានប៉ះពាល់។
ទូកដឹកប្រេងសាំងគេចពន្ធធំៗ របស់មេឈ្មួញ កែវ ទូច ហៅចែ០២ នៅចំណុចកោះរ៉ុង ត្រូវបានលើកដាក់នៅផែកំពេញ ក្នុងស្រុកស្ទឹងហាវ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ហើយកម្មករបានដឹកជញ្ជូន យកទៅស្តុកទុក ក្នុងឃ្លាំងដ៏ធំមួយកន្លែង មិនឆ្ងាយប៉ុន្មានពីផែកំពេញ។ រថយន្តទួរីស នីសាន់ និងកាមរី រាប់សិបគ្រឿង រួមទាំងម៉ូតូផងដែរ បានចូលទៅដឹកជញ្ជូនប្រេងសាំង ពីឃ្លាំងដ៏ធំរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ ពីចំណុចស្ទឹងហាវ យកទៅលក់ចែកចាយបន្ត នៅទូទាំងខេត្តព្រះសីហនុ ឡើងដល់ខេត្តកំពត និងខេត្តកំពង់ស្ពឺ យ៉ាងអនាធិបតេយ្យបំផុត មិនដែលមាននរណាហ៊ានសួរនាំនោះទេ ព្រោះមន្ត្រីជំនាញបានសុខស្រួល ក្នុងការរាប់ក្បាលឡានយកលុយ ។
គេមិនច្បាស់ទេថា តើមេឈ្មួញ កែវ ទូច ហៅចែ០២ មានឥទ្ធិពលអំណាចអ្វីពិសេស ទើបមន្ត្រីជំនាញគយ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ មិនដែលហ៊ានប៉ះពាល់ ប៉ុន្តែគេគិតឃើញថា ក្រោយពេលផ្លាស់ប្តូរតំណែងលោក កែវ សុខឃាង មេគយចល័តថ្មីគួរតែ ចាត់វិធានការទប់ស្កាត់ ការដឹកជញ្ជូនប្រេងសាំងគេចពន្ធរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែភាពក្រអឺតក្រទម របស់មេឈ្មួញ កែវ ទូច ហៅចែ០២ នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យគ្រប់ៗគ្នា មើលឃើញថាមេគយចល័តដែលទើបឡើងថ្មីនេះ ក៏ជាដៃជើងរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ ដូច្នេះគ្មាននរណាហ៊ានបង្ក្រាប ការនាំចូលប្រេងសាំងគេចពន្ធ ទ្រង់ទ្រាយធំរបស់គាត់បានទេ។
មន្ត្រីធំៗមួយចំនួនបានលើកសំណួរ អំពីការរកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធ យ៉ាងអនាធិបតេយ្យរបស់មេឈ្មួញ កែវ ទូច ហៅចែ០២ សួរទៅលោក កែវ សុខឃាង ថាហេតុអ្វីបានជាគ្មានការបង្ក្រាប? គេយល់ថា មេឈ្មួញ កែវ ទូច ហៅចែ០២ ដែលជាប្អូនស្រីរបស់លោក កែវ សុខឃាង ធ្លាប់ប្រកបមុខរបរនេះ រាប់សិបឆ្នាំមកហើយ មិនដឹងជាទៅរកស៊ីរបរអ្វីផ្សេង ក៏ចេះតែដឹកជញ្ជូនប្រេងសាំងគេចពន្ធ មកចែកចាយលក់ដូរដែលជា អាជីពប្រចាំត្រកូលរបស់គាត់។ ម្យ៉ាងដែរ សម្រាប់មេឈ្មួញ កែវ ទូច ហៅចែ០២ ដែលមានការគាំទ្រ និងយោគយល់ពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក៏ព្រោះតែគាត់ចេះចាយលុយដើម្បីបិទមាត់បិទភ្នែកមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ៕
Source from: watphnom-news.com