
រាជធានីភ្នំពេញ ៖ ចោរលួចម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់វាយទ្រោមខ្លួន នៅជិតច្រកចូលស្ថានីយ ទូរទស្សន៍បាយ័ន តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៣ ហើយជនសង្ស័យមានឈ្មោះ ឈិន ដារ៉ា ភេទប្រុសអាយុ ២៤ឆ្នាំ មានស្រុកកំណើត នៅឃុំវិហារសួគ៌ ខេត្តកណ្ដាល ស្នាក់នៅផ្ទះជួលបណ្ដោះអាសន្ន ចល័តពីមួយទៅមួយ។
ម្ចាស់ម៉ូតូដែលជនល្មើសលួចយកទៅនោះឈ្មោះ អ៊ូ ពលីន ភេទប្រុស មុខរបរជាកីឡាករប្រដាល់ ស្នាក់នៅផ្ទះជួលក្បែរច្រកចូលស្ថានីយ ទូរទស្សន៍បាយ័ន បានជិះម៉ូតូម៉ាកស្មាស់ពណ៌ ក្រហមលាយខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1AF-2762 មកចតក្បែរផ្លូវជាតិលេខ១ ក្បែរកន្លែងខ្លួនស្នាក់នៅ ដោយទុកសោជាប់នឹងម៉ូតូ ព្រោះនឹកឃើញថានៅក្បែរខ្លួន។
ប្រមាណជា ១០នាទីក្រោយមកក៏ស្រាប់តែ ជនសង្ស័យខាងលើបានបញ្ឆេះម៉ូតូ ជិះចេញទៅ ហើយឈ្មោះ អ៊ូ ពលីន ក៏បានស្រែកឆោឡោ ឲ្យអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ហើយបាននាំគ្នាព្រួតវាយ ស្ទើរស្លាប់ស្ទើររស់ ។ កម្លាំងនគរបាលប៉ុស្ដិ៍ បានទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យ និងឃាត់ខ្លួនដើម្បីកសាងសំណុំរឿង៕
Source from: watphnom-news.com