
ខេត្ដបាត់ដំបង ៖ រថយន្ដមីតស៊ុយប៊ីស៊ី មួយគ្រឿងជិះគ្នា ៣នាក់ បើកបរតាមផ្លូវលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុង ល្បឿនលឿនបត់ឆ្វេងបម្រុងឡើងស្ពាន តែទំនងជាវាក់ជាមួយម៉ូតូ មួយគ្រឿងដែលបើកឆ្លងស្ពានថ្ម ក៏ជ្រុលចង្កូតចុះស្ទឹងសង្កែ ប៉ុន្ដែគ្មាននរណាម្នាក់រងរបួសឡើយ កាលពីវេលាម៉ោង ២០និង៣០ នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចំណុចត្រើយខាងលិចស្ទឹង សង្កែមុខមន្ទីរឧស្សហ៍កម្ម រ៉ែនិងឋាមពល ខេត្ដបាត់ដំបង។
រថយន្ដមីត ស៊ុយប៊ីស៊ី មួយគ្រឿងចំណុះមួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព២ ង.៦៧ ១៣ ជិះបុរស ៣នាក់ បើកបរដោយឈ្មោះ នឹម ចិត្រា ភេទប្រុសអាយុ ២៣ឆ្នាំមានទីលំនៅភូមិកម្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្ដបាត់ដំបង ។ ម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនបានធ្វើដំណើរ ប្របតាមមាត់ស្ទឹង សង្កែក្នុងទិសដៅពីជើងទៅត្បូង ហើយ ពេល មកដល់គល់ស្ពាន មានបំណងបត់ឆ្វេង ឆ្លងទៅត្រើយម្ខាង ប៉ុន្ដែពេលនោះក៏មានម៉ូតូ មួយគ្រឿងឆ្លងស្ពានបត់ស្ដាំដៃទើបរថយន្តបើកគេច កុំឱ្យបុកម៉ូតូគ្រោះថ្នាក់ ក៏ទាញចង្កូតជ្រុលរេធ្លាក់ចូលស្ទឹងសង្កែតែម្ដង៕
Source from: watphnom-news.com