
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ អេស្កាវ៉ាទ័រចំនួន ២គ្រឿង និងរថយន្តម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ខ្មៅមួយគ្រឿង រងការខូចខាតយ៉ាងដំណំ បន្ទាប់ពីក្មេងទំនើងប្រចាំភូមិម្នាក់ បានវាយបំផ្លិចបំផ្លាញដោយកំរោល កាលពីវេលាម៉ោង ២១និង០០ នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចក្រុម១០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយរត់គេចខ្លួនបាត់ស្រមោល តែឪពុកម្តាយជនបង្កបានចេញមុខធ្វើការចរចា ផ្តល់សំណងនៃការខូចខាត ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ។
លោក អនុសេនីយ៏ទោ លឹម ស៊ន នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់លេខ១ បានអោយដឹងថា ជនបង្ករមានឈ្មោះ ណុប ឌីណា ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរជាកម្មករ នៅរោចក្រ អស៊ីអាយ មានទីលំនៅក្បែរកន្លែងកើតហេតុ បានរត់គេចខ្លួន ក្រោយពេលធ្វើសកម្មភាព។ ចំពោះមូលហេតុដែលឈានដល់ការបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃនោះ ពុំមាននរណាម្នាក់ បានដឹងនោះទេ សូម្បីតែឪពុកម្តាយក៏ពុំបានដឹងដែរ។
យ៉ាងណាក៏ដោយ បើតាមការអោយដឹងពីឈ្មោះ ខុន ជាម្ចាស់យានយន្តទាំង ៣ គ្រឿងនេះ បាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់និងក្រុមការងារ ចុះមកការដ្ឋានធ្វើផ្លូវនៅចំណុចកើតហេតុ ក៏ស្រាប់តែបានឃើញ មនុស្សប្រុសវ័យក្មេងម្នាក់ កំពុងកាន់កាំបិត មកវាយកំទេចឡានអេស្កាវ៉ាទ័រចំនួន ២គ្រឿង បែកកញ្ចក់ទាំងអស់។ នៅពេលនោះគាត់ មានបំណងចុះសួរនាំ ប៉ុន្តែមិនទាន់បានចុះ ពីលើរថយន្តផង ស្រាប់តែជនបង្កនោះ ស្ទុះមកដេញកាប់ រថយន្តរបស់គាត់ ជាច្រើនកាំបិត បង្កអោយមានការខូចខាត ជាច្រើនកន្លែង ហើយរត់គេចខ្លួនបាត់តែម្តង៕
Source from: watphnom-news.com