
ខេត្តសៀមរាប ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន ដោយប្រើអាវដៃវែង ត្រូវបានអ្នកភូមិប្រទះឃើញ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខាងលិចផ្សារស្វាយធំ ជាង១០០ម៉ែត្រ។
បុរសដែលធ្វើអត្តឃាត មានអាយុប្រហែល ៣០ឆ្នាំ កម្ពស់ ១,៥៩ម៉ែត្រ សម្បុរខ្មៅ សក់ខ្លី នៅក្នុងហោប៉ៅមានលុយខ្មែរ ២.០០០រៀល បារីហ្វីន ១កញ្ចប់ ដែកកេះ១ បានចងកលើដើមស្វាយ កម្ពស់ពីដី ៣,២ម៉ែត្រ។ តាមការពិនិត្យ និងបើកចំហឲ្យអ្នកភូមិចូលមើល គឺពុំមាននណាម្នាក់បានស្គាល់នោះឡើយ ហើយេជនរងគ្រោះ ពុំមែនជាមនុស្សវិកលចរិត ហើយក៏ពុំមែនជាអ្នកស្រវឹងនោះដែរ ។
ជនរងគ្រោះពិតជាសម្លាប់ខ្លួន ដោយយកអាវដៃវែងរបស់ខ្លួនចង.ក ពុំមានអ្វីផ្សេងទេ ព្រោះនៅលើដងខ្លួននិងក្បាលសាកសព ក៏មិនមានស្នាមអ្វីទាំងអស់ ដូច្នេះសាកសពគឺពិតជា ស្លាប់ដោយការធ្វើអត្តឃាត។ សាកសពត្រូវបានយកទៅតម្កល់ទុក នៅវត្តស្វាយធំ រង់ចាំក្រែងមានសាច់ញាតិ បានដឹងមកទទួលយកទៅធ្វើបុណ្យ ប៉ុន្តែដល់ពេលរសៀល បើមិនឃើញមានសាច់ញាតិទេ គឺអាចបូជាឬបញ្ចុះនៅក្នុងវត្តតែម្តង ៕
Source from: watphnom-news.com