តាម​ធម្មជាតិ​មនុស្ស​ស្រី​ គឺ​ជា​ភេទ​ទន់​ខ្សោយ​ និង​ទន់ភ្លន់​គួរ​ឲ្យ​ស្រឡាញ់​  ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ក៏​រឹងប៉ឹង​ជាង​មនុស្ស​ប្រុស​ដែរ​ រហូត​មាន​មនុស្ស​ស្រី​ខ្លះ​រៀន​ក្បាច់​គុន​​ទៀត​ផង ។ ដូច្នេះ​បុរស​មួយ​ចំនួន​បាន​និយាយ​ថា​ ស្រី​ៗ​ចេះ​ក្បាច់​គុន​​ ពិបាក​រក​គូ។ តើ​ការ​លើក​ឡើង​ខាង​លើ​ជា​ការ​ពិត​ ឬ​យ៉ាងណា?

រូប​តំណាង

យុវជន​ ខេង វណ្ណៈ ​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ថា​ អីចឹង​មែន​ ព្រោះ​មនុស្ស​ស្រី​ចេះ​ក្បាច់​គុន​ នឹង​មាន​កាយសម្បទា​ដូច​មនុស្ស​ប្រុស​មិន​ខាន​ ដូច្នេះ​ពិបាក​មាន​ទីផ្សារ​បន្តិច​ហើយ។

យុវជន​ ដេវីដ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា​ អាច​ត្រូវ​បាន​បុរស​ធម្មតា​រើសអើង​ដែរ ។  ដេវីដ​ បាន​បន្ថែម​ថា៖ “ត្រឹម​ស្រឡាញ់​ជា​សង្សារ​មិន​អី​ទេ​ ប៉ុន្តែ​បើ​យក​ប្ដី​ប្រពន្ធ​រាង​ពិបាក​បន្តិច​ ព្រោះ​ស្រួល​មិន​ស្រួល​ឈ្លោះ​គ្នា​តិចតួច​ នាង​ដាក់​សន្លប់​ក៏​អាច​ថា​បាន”។

រីឯ​យុវជន​ សុភ័ក្ត្រ​  និស្សិត​នៅ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​  បាន​ឲ្យ​ដឹង​ថា​ អាស្រ័យ​រូបរាង​របស់​នាង​ប៉ុណ្ណោះ។​ បើសិនជា​នាង​ស្អាត​ដូច​តួ​កុន​នោះ​ ចេះ​ក្បាច់​គុន​ប៉ុណ្ណា​ក៏​តាម​ទាល់​តែ​បាន​ដែរ។ បើសិនជា​មិន​​ស្អាត​វិញ​ ទោះ​ទន់ភ្លន់​ជា​ស្រី​ប៉ុណ្ណា​ក៏​យ៉ាប់​ដែរ។

ផ្ទុយ​ពី​អ្នក​ទាំង​៣​ខាង​លើ ​កញ្ញា​ ធារី ​អ្នក​ចេះ​ការ៉ាតេដូ​ខ្សែ​ក្រវាត់​ខ្មៅ​២​ជាន់​ បាន​​ឲ្យ​ដឹង​ថា​ មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ស្នេហា​ពឹង​លើ​និស្ស័យ​ ហើយ​មនុស្ស​ស្រី​ចេះ​ក្បាច់​គុន​​ មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ  ។  កញ្ញា​បាន​បន្ថែម​ថា៖ “ខ្ញុំ​ចេះ​ ប៉ុន្តែ​​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន។ ​សង្សារ​ខ្ញុំ​គាត់​មិន​ចេះ​ក្បាច់​គុន​​ទេ​ ប៉ុន្តែ​គាត់​មាន​ចិត្ត​ស្មោះ”។

លោក​ កៀក ឆាយ ​គ្រូ​​ការ៉ាតេដូ​ ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ ភាគច្រើន​គេ​យល់​ថា​អ្នក​ហាត់​ក្បាច់គុន​គឺ​ជា​មនុស្ស​កោងកាច​បង្ក​ការ​វាយតប់​ ប៉ុន្តែ​ធាតុ​ពិត​មិន​មែន​នោះ​ទេ​ គឺ​អ្នក​ហាត់​ក្បាច់គុន​បែរ​ជា​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់​ ហើយ​អាច​ការពារ​ខ្លួន​ឯង​បាន​ទៀត​ផង៕

ចុះ​ប្រិយមិត្ត​វិញ​ ស្រឡាញ់​អត់​បើ​នាង​ចេះ​ក្បាច់​គុន?

អត្ថបទ​៖​ កង ចាន់​បញ្ញា