
ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យពីរនាក់ បានចូលទិញទឹកផឹក នៅក្នុងហាង ឡាក់គីធូយូ អ៊ីនធ័រណេត ហើយបានរពឹសដៃ លួចយកសោរម៉ូតូ PCX 2013 របស់ភ្ញៀវម្នាក់ទៀត ដើម្បីលួចយកម៉ូតូនោះ ទៅស្រង់ដើមក្រោយពេលចាញ់ល្បែង តែម្ចាស់ម៉ូតូដឹងទាន់ក៏ស្រែកថា ខ្លួនបានបាត់សោរម៉ូតូ ហើយបានសំណូមពរ អោយម្ចាស់ហាងឆែកមើលកាមារ៉ាសុវត្ថិភាព។ ភ្លាមនោះជនសង្ស័យម្នាក់ ដែលបានលួចសោរ បានដើរគេចខ្លួនបាត់ នៅសល់តែអ្នកមើលផ្លូវ ក៏ត្រូវម្ចាស់ហាងឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅប្លុកបរិវេណកាស៊ីណូ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ ២ នាក់ដែលត្រូវឃាត់ខ្លួនរួមមានទី១-ឈ្មោះ ឡុង វណ្ណឌី អាយុ ៣២ឆ្នាំ មានលំនៅឋានក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ វង្ស រដ្ឋា អាយុ ២២ឆ្នាំ មានលំនៅឋានក្នុងភូមិព្រែកតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅក្នុងក្រុងប៉ោយប៉ែត ជនសង្ស័យទាំងពីរនាក់ មានមុខរបជាអ្នកដើរលេងល្បែងស៊ីសង និងបានជិៈរថយន្តកាមរីឆ្លាមស៊េរីឆ្នាំ១៩៩៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-9500។
ជនរងគ្រោះជាម្ចាស់ម៉ូតូ PCX2013 ឈ្មោះ ណិប វណ្ណឌី អាយុ ២៥ឆ្នាំ មានមុខរប ជាអាជីវករ មានលំនៅឋានក្នុងភុមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរម៉ូតូម៉ាក PCX ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម គ្មានស្លាកលេខ។ តំណាងម្ចាស់ហាងឈ្មោះ សារិន ស៊ីថា អាយុ ២៧ឆ្នាំ មានមុខរបជាបុគ្គលិក នៅក្នុងហាង ឡាក់គីធូយូ មានលំនៅឋានក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ។
លោក ហម ម៉ុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានអោយដឹងថា ដោយបានទទួលពាក្យបណ្តឹងពីម្ចាស់ហាង លោកបានបញ្ជាអោយកម្លាំង ទៅកាន់ចំណុចកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ភ្លាមៗ និងរថយន្តកាមរីឆ្លាម មួយគ្រឿងផងដែរ។ ជនសង្ស័យឈ្មោះ ឡុង វណ្ណឌី ជាអ្នកនាំភ្លើង ចំណែក វង្ស រដ្ឋា ជាអ្នកមើលផ្លូវ ខាងក្រៅហាង។ ជនសង្ស័យបានសារភាពខ្លួនថា ពួកគេពិតជាបានប្រព្រឹត្ត ករណីខាងលើនេះមែន និងមានបក្ខពួកម្នាក់ទៀត ដែលបានលួចយកសោរ គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចនឹងស្រាវជ្រាវ រកមុខសញ្ញាម្នាក់ទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com