ធ្លាយរឿងអាថ៌កំបាំងដែលឧកញ៉ា អាន ម៉ារឌី ចំណាយទឹកមាត់ ដើរផ្សព្វផ្សាយការអនុវត្តសៀវភៅបន្ទុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ខេត្តកំពង់ចាម ៖ លោកឧកញ៉ា អាន ម៉ារឌី ដែលធ្លាប់មានរឿងអាស្រូវ នៃការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដោយជ្រកក្រោមស្លាកសម្បទាន កំពុងបង្កើតឲ្យមានមន្ទិលសង្ស័យ សម្រាប់ការចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយពីបញ្ហាភាស៊ីនិងសៀវភៅបន្ទុកស្អីគេនោះ ក្នុងនាមជាប្រធានសភាពាណិជ្ជកម្ម ប្រចាំខេត្តកំពង់ចាម ដែលតាមពិតទៅ សភាពាណិជ្ជកម្ម គឺជាសមាគមឬចង្កោមអ្នករកស៊ី ជួយការពារផលប្រយោជន៍អាជីវករ និងឈ្មួញទូទៅ មិនមានភារកិច្ចអ្វី ត្រូវទៅចុះផ្សព្វផ្សាយណែនាំ បញ្ឆេះឲ្យអ្នកលក់ដូរ ខឹងសម្បាឬរើសអើង ដល់ក្រុមអ្នកយកភាស៊ី សម្រាប់ការវិនិយោគអភិវឌ្ឍន៍ និងយកទៅបង់ជូនរដ្ឋនោះទេ។
មន្ត្រីសាលាខេត្តកំពង់ចាមម្នាក់ បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ឧកញ៉ា អាន ម៉ារឌី ក្នុងនាមជាប្រធាន សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី បានដាក់លិខិតមួយច្បាប់លេខ ០៤៧-១៣ ជូនអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ដើម្បីសុំលិខិតចុះបេសកកម្ម ទំនាក់ទំនងគ្រប់បណ្តាផ្សារ ចំណតរថយន្ត កំពង់ដទទឹងទាំងអស់ ក្នុងខេត្តកំពង់ចាម ដើម្បីចុះផ្សព្វផ្សាយពីសៀវភៅបន្ទុក និងការធ្វើតារាងតម្លៃភាស៊ី ដែលបានកំណត់ ក្នុងសៀវភៅបន្ទុក តាមការដេញថ្លៃ និងការវិនិយោគ ជូនដល់អាជីវករ អ្នកវិនិយោគ ដើម្បីឲ្យពួកគាត់បានយល់ដឹង។ លោក លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាម ក៏បានចំណារឯកភាព នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ឲ្យនាយករដ្ឋបាលសាលាខេត្ត រៀបចំលិខិតឧទេ្ទសនាម ឲ្យឧកញ៉ា អាន ម៉ារឌី ចុះធ្វើការងារនេះ។
នៅសុខៗគេឆ្ងល់ថា ហេតុអ្វីបានជាឧកញ៉ា អាន ម៉ារឌី ចំណាយពេលវេលា ចំណាយទឹកមាត់ ចុះទៅសូត្រអំពី ការអនុវត្តសៀវភៅបន្ទុក នៅគ្រប់ស្រុកទាំងអស់ ក្នុងខេត្តកំពង់ចាម មិនគិតពីថ្ងៃបុណ្យទាន ដែលសូម្បីតែ ថ្ងៃឈប់សម្រាកចូលឆ្នាំសកល ទី១ ខែមករា ឆ្នាំ២០១៤ ក៏ឧកញ៉ា អាន ម៉ារឌី ចុះទៅផ្សព្វផ្សាយ នៅសាលាក្រុងកំពង់ចាម បង្កប់ដោយភាពអាថ៌កំបាំង។ មានការរំលឹកផងដែរថា ភារកិច្ចត្រួតពិនិត្យ សៀវភៅបន្ទុក គឺគណៈកម្មការអនុវត្តន៍សៀវភៅបន្ទុក ថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់មន្ទីរ និងថ្នាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកអនុវត្តន៍ ហេតុអ្វីបានជាឧកញ៉ា អាន ម៉ារឌី លូកដៃលូកជើងជ្រៀតជ្រែក ក្នុងការងារជំនាញ របស់ក្រុមមន្ត្រីទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសាលាខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថា ជាគោលការណ៍ សៀវភៅបន្ទុកនីមួយៗ រៀបចំឡើងដោយ អាជ្ញាធរខេត្ត មានចំនួន ១០ច្បាប់ មិនបានតម្កល់ទុក នៅសភាពាណិជ្ជកម្មអីទេ ព្រោះវាមិនមែនជាភារកិច្ច របស់សភាពាណិជ្ជកម្ម ដែលត្រូវត្រួតពិនិត្យ លើការអនុវត្តសៀវភៅបន្ទុក។ ប៉ុន្តែអំឡុងពេលចុះទៅ ផ្សព្វផ្សាយសៀវភៅបន្ទុកនោះ លោក ឧកញ៉ា អាន ម៉ារឌី បានចុះចែកសៀវភៅបន្ទុក យ៉ាងប្រសេចប្រសាច ដូចខិត្តប័ណ្ណ ហើយអំពាវនាវឲ្យអាជីវករលក់ដូរ រាយការណ៍ជូនគាត់ ប្រសិនបើអ្នកវិនិយោគ ឬអ្នកទារភាស៊ីណាមួយ អនុវត្តន៍ខុសពីសៀវភៅបន្ទុក។ យ៉ាងណាក៏ដោយ មន្ត្រីមួយចំនួន បានដាក់ការសង្ស័យថា អ្វីដែលឧកញ៉ា អាន ម៉ារឌី កំពុងធ្វើគឺសំដៅលើ ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ព្រោះគេដឹងថា កាលពីពេលថ្មីៗនេះ ឧកញ៉ា អាន ម៉ារឌី បានចូលរួមដេញថ្លៃ ប្រមូលភាស៊ីតាមផ្សារ តាមបេនឡាន និងតាមកំពង់ដទទឹង អត់បានសម្រេច ព្រោះគាត់ដាក់ថ្លៃខ្ពស់ពេក ក៏ចាប់ផ្តើមមានគំនិតមិនល្អ ដើរក្រឡុកអ្នករកស៊ីដទៃទៀត ធ្វើឲ្យគេដួលរលំដើម្បីគាត់ មានឱកាសឈានទៅដណ្តើមអាជីព ដណ្តើមតំបន់ប្រមូលភាស៊ី ពីអាជីវករដទៃទៀត មកបម្រើមហិច្ឆតាផ្ទាល់ខ្លួន។ មន្ត្រីសាលាខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថា ជាគោលការណ៍ ក្រុមអ្នកវិនិយោគ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុក ប៉ុន្តែករណីជាច្រើន ក៏មានការយោគយល់ ចំពោះអ្នកប្រមូលភាស៊ី ដែលជួបបញ្ហាជាច្រើន ដូចជាការចំណាយលុយទឹកតែ លុយក្រោមតុ ឲ្យក្រុមមន្ត្រី ក៏ចេះតែសម្របសម្រួលគ្នា យកលុយថ្លៃភាស៊ី លើសពីសៀវភៅបន្ទុក ១០០ឬ២០០ រៀលប៉ុណ្ណោះ។
ការយោគយល់គ្នាបែបនេះ បានអនុវត្តន៍យូរឆ្នាំមកហើយ តាំងពីជំនាន់លោក ហ៊ុន ណេង ធ្វើជាអភិបាល ខេត្តកំពង់ចាមមកម្ល៉េះ មិនដែលមានផលរមាស់អ្វីទេ ទើបតែពេលនេះ ឧកញ៉ា អាន ម៉ារឌី បានធ្វើរឿង ដ៏គួរឲ្យអស់សំណើច សំដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ មន្ត្រីតាមបណ្តាស្រុកជាច្រើន រួមទាំងមន្ត្រីនៅក្នុង សាលាខេត្តកំពង់ចាម បានចំអកនិងពេបជ្រាយ នូវអ្វីដែលឧកញ៉ា អាន ម៉ារឌី កំពុងធ្វើ ព្រោះគេដឹងថាឧកញ៉ា អាន ម៉ារឌី មិនមែនជាមនុស្ស ស្អាតស្អំប៉ុន្មានទេ គាត់មានក្រុមហ៊ុនសម្បទាន មួយឈ្មោះ រ៉ាន់ណា មានដីរាប់ម៉ឺនហិកតា ក្នុងខេត្តក្រចេះ និងខេត្តរតនគិរី មានពាក់ព័ន្ធជាមួយ ការបំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវស្ពាន ផ្គើនចំពោះបទបញ្ជា របស់រាជរដ្ឋាភិបាល។
ដូច្នេះរឿងដែលឧកញ៉ា អាន ម៉ារឌី ដែលមានបាតដៃប្រឡាក់ ដោយអំពើពុករលួយ និងការបំផ្លាញព្រៃឈើ ដោយជ្រកក្រោមស្លាកសម្បទាន មកណែនាំមិនឲ្យ អាជីវករបង់លុយ ឲ្យអ្នកទារភាស៊ីលើសពីការកំណត់ ក្នុងសៀវភៅបន្ទុក កើតទៅជារឿងចំអក ឬការស្តោះទឹកមាត់លើទ្រូងឯង។ ដូចពាក្យចាស់បុរាណ ធ្លាប់បានពោលថា ខ្លួនងូតទឹកមិនទាន់ជ្រះផង ដើរបង្រៀនគេឲ្យចេះងូតទឹក ហើយក៏មិនខុសពីឪពុកប្រមឹកម្នាក់ ទូន្មានកូៗកុំឲ្យផឹកស្រា ដែលទីបញ្ចប់វាគ្មានប្រសិទ្ធភាពទេ ដូច្នេះគួរតែអភិបាលខេត្តកំពង់ចាម និងស្ថាប័នពាក់ព័ន្ធ ពិចារណាពីមហិច្ឆតា របស់ឧកញ៉ា អាន ម៉ារឌី ឡើងវិញផង៕
Source from: watphnom-news.com