ប្រជាពលរដ្ឋនៅខេត្តសៀមរាប និយាយពីការបាត់បង់អាជីពប្រចាំថ្ងៃ និងភាពរហេមរហាម

ខេត្ដសៀមរាប ៖ អ្នករត់រ៉ឺម៉ក ម៉ូតូឌុប កម្មករគ្រប់វិស័យ និងប្រជាសហគមន៍ដីធ្លី នៅព្រឹកថ្ងៃពុធទី១ ខែមករា ឆ្នាំ២០១៤ បានដង្ហែក្បួនធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាល បញ្ចប់គម្រោងរថយន្ដ ប្រើថាមពលអគ្គិសនី ដឹកភ្ញៀវទេសចរនៅតំបន់អង្គរ ដំឡើងប្រាក់បៀវត្សរ៍ មន្ដ្រីរាជការ ប្រាក់ឈ្នួលកម្មករគ្រប់វិស័យ ដោះស្រាយទំនាស់ដីធ្លី និងបញ្ចុះតម្លៃប្រេង សាំងជាដើម ។
ក្រុមបាតុករដែលភាគច្រើន ជាអ្នកដឹកភ្ញៀវតាមរ៉ឺម៉កម៉ូតូ បានស្រែកតាម ឧបករណ៍បំពងសំឡេង ទាមទារឱ្យអាជ្ញាធរ លុបបំបាត់ទាំងស្រុង នូវក្រុមហ៊ុនរថយន្ដ អគ្គិសនី ក្នុងខេត្ដសៀមរាប ដោយពួកគេអះអាងថា រដ្ឋាភិបាលឱ្យក្រុមហ៊ុនបរទេស ធ្វើវិនិយោគនៅកម្ពុជាបែបនេះ មិនចំណេញដល់ពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញធ្វើឱ្យប៉ះពាល់ មុខរបរប្រចាំថ្ងៃ របស់ពួកគាត់ និងធ្វើឱ្យពលរដ្ឋខ្មែរ បាត់បង់ការងារ ដែលជាហេតុនាំឱ្យ ពលរដ្ឋកាន់តែក្រ រហេមរហាម ។
ដោយឡែកក្រុមកម្មករ និង បណ្ដាញសហគមន៍ដីធ្លីចំនួន ៤ទៀត បានជំរុញឱ្យអាជ្ញាធរខេត្ដ ដោះ ស្រាយដីធ្លីនៅសហគមន៍ និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដល់ពួកគាត់ ព្រមទាំងដំឡើងប្រាក់ឈ្នួលដល់ កម្មករគ្រប់វិស័យឱ្យបាន ១៦០ដុល្លារក្នុងមួយខែ ប្រាក់ខែមន្ដ្រីរាជការ ១លានរៀល ក្នុងមួយខែ តម្លៃស្រូវ ១៥០០រៀល ក្នុងមួយគីឡូក្រាម និងបញ្ចុះតម្លៃសាំងត្រឹម ៤.០០០ រៀលផងដែរ ។ ក្រុមបាតុករបានរំសាយទៅវិញ បន្ទាប់ពីតំណាងអាជ្ញាធរ ចេញមកទទួលញត្ដិ ពីក្រុមបាតុករ៕
Source from: watphnom-news.com