ទាក់ដៃចង្កូតដួលលើផ្លូវ ឡានដឹកហ្គាសមកដល់ កិនចំពាក់កណ្តាលខ្លួនរបួសធ្ងន់ ២នាក់

រាជធានីភ្នំពេញ ៖ បុរសពីរជិះម៉ូតូឌុបគ្នា រួចបានជែងរថយន្ដ ប៉ះដៃចង្កូតដួល ក៏ត្រូវរថយន្ដ ១គ្រឿងទៀតមកដល់ ចាប់ហ្វ្រាំងមិនទាន់ កិនពាក់កណ្ដាលខ្លួន បណ្ដាលឱ្យបាក់ចង្កេះទាំង ២នាក់និងបាក់ជើងម្នាក់ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅតាមដងផ្លូវវេងស្រេង ទល់មុខផ្សារ ឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ទាំងពីរនាក់ ។
ជនរងគ្រោះមានឈ្មោះ សេក ភក្ដី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិច្រាំងចំរេះ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ សាយ ហុងលី ភេទប្រុស អាយុ ជាង ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ ១AD-៣៥៦០ ។
ដោយឡែកភាគីម្ចាស់រថយន្ដ មិនត្រូវបានគេស្គាល់ឈ្មោះ បើករថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកធុងហ្គាស ពាក់ស្លាកលេខ ភ្នំពេញ ២F-៩០០៨ ត្រូវបាននគរបាលចរាចរ ឃាត់ខ្លួនជាបណ្ដោះ អាសន្ន។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបគ្នា២ នាក់តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ហើយបានជែងរថយន្ដ ក៏ប៉ះដៃចង្កូតបណ្ដាលឱ្យដួល ហើយត្រូវរថយន្ដ មួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា មកដល់កិនពីលើ ចំពាក់កណ្ដាលដងខ្លួន រងរបួសធ្ងន់តែម្តង៕
Source from: watphnom-news.com