ចោរលួចព្រះពុទ្ធរូបតូចៗ ២០អង្គ ដែលកសាងពីស្ពាន់ សង្ស័យយកទៅលក់ឲ្យអេតចាយ

ខេត្ដរតនគិរី ៖ ករណីដែលក្រុមចោរទមិឡ នាំគ្នាលួចវត្ថុមានតម្លៃ នៅព្រះសក្យមុនីចេតិយ៍ មិនទាន់មានពន្លឺផង ស្រាប់តែពេលនេះ ព្រះពុទ្ធដិមាករតូចៗ ធ្វើពីស្ពាន់និងថ្មកែវ ជាច្រើនអង្គ នៅក្នុងវត្ដឧត្ដមនារាម ហៅវត្ដប៊ុង ស្ថិតក្នុងភូមិ-ឃុំប៊ុង ស្រុកវ៉ឺនសៃ ខេត្ដរតនគិរី ត្រូវចោរចូលលួចយកទៅ ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ។
ព្រះចៅអធិការវត្ដ ព្រះនាម ញ៉ៃ នូហ្វាំង ព្រះជន្ម ២៦វស្សា បានសន្និដ្ឋានថា ព្រះពុទ្ធរូបដែលចោរចូលលួចយកទៅ អាចនៅចន្លោះម៉ោង ១១-១២ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ។ ដោយឡែកលោក ទឺ នូថង អធិការស្រុកវ៉ឺនសៃ បានឱ្យដឹងថា ព្រះពុទ្ធរូបដែល ចោរលួចយកទៅនោះ មានចំនួន ២០អង្គក្នុងចំណោម ព្រះពុទ្ធរូបតូចៗ ៥០អង្គ កសាងពីស្ពាន់ ថ្មកែវ និងស៊ីម៉ងត៍ ។
ព្រះពុទ្ធរូបទាំង ២០អង្គដែលបាត់ទៅនោះ មាន ១អង្គកសាងពីថ្មកែវ ពណ៌ខៀវ និង ១៩អង្គទៀតកសាងពីស្ពាន់ ។ នៅកន្លែងតំកល់ព្រះពុទ្ធរូប មានស្នាមជើង កូនក្មេងពីរនាក់ ហើយការបាត់ព្រះពុទ្ធរូបទាំងនេះ អាចក្មេងទាំងនោះលួច យកទៅលក់ឱ្យអេតចាយ ។ សមត្ថកិច្ចមានផែនការ បិទច្រកការពារទាំងអស់ ដើម្បីឆែកឆេស្វែងរកជនសង្ស័យ ដើម្បីឱ្យព្រះពុទ្ធរូប ដែលបាត់ទៅនោះ បានវិលមកក្នុងវត្ដដូចដើមវិញ ៕
Source from: watphnom-news.com