ពេទ្យឆ្មបម្នាក់អាចត្រូវប្រហារជីវិត រឿងល្បួងជនក្រីក្រឲ្យលក់កូន យកលុយធ្វើដើមទុន

ប្រទេសចិន ៖ បណ្តាញព័ត៌មានរបស់ចិន បានផ្សព្វផ្សាយថា ពេទ្យឆ្មបម្នាក់ នៅតំបន់ភាគខាងជើងប្រទេសចិន អាចត្រូវផ្ដន្ទាទោស ដោយប្រហារជីវិត បន្ទាប់ពីជនសង្ស័យ បានសារភាពថា ធ្លាប់បានលួចទារកទើបកើត ៧ នាក់ទៅលក់ឱ្យ ក្រុមជួញដូរមនុស្ស។ ពេទ្យឆ្មបឈ្មោះ Zhang Shu អាយុ ៥៥ឆ្នាំ ដែលធ្វើការក្នុង មន្ទីរពេទ្យមួយ ស្ថិតនៅខេត្ដ Shaanxi រងការចោទប្រកាន់ពីបទ បញ្ចុះបញ្ចូលឪពុកម្ដាយទារក ឱ្យលះបង់កូនរបស់ខ្លួន ដោយសារតែកូននោះ មានជំងឺប្រចាំកាយ ពេលកើតមក មិនអាច រស់បានយូរនោះឡើយ ។
យ៉ាងហោចណាស់ទារកចំនួន ៦នាក់ ក្នុងចំណោម ៧នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីក្រុមជួញដូរ ប៉ុន្ដែទារកម្នាក់ទៀតបានស្លាប់ ក្រោយលក់ឱ្យក្នុងតម្លៃ ១៦៥ ដុល្លារ ។ នៅក្នុងក្រចកសេះ នៃបន្ទប់សវនាការ គ្រូពេទ្យ Zhang Shu បានសារភាព ពីទោសកំហុសរបស់ខ្លួន ហើយសុំទោស ដល់ឪពុកម្ដាយ ជនរងគ្រោះ ដោយបញ្ជាក់ថា គាត់ត្រូវក្រុមជួញដូរមនុស្ស បោកប្រាស់ ដោយសកម្មភាពទាំងនោះ អាចជួយដល់ឪពុកម្ដាយទារក ដែលជាអ្នកក្រីក្រ បានថវិកាមួយចំនួន ធ្វើជាដើមទុនរកស៊ី ។
ការលក់ទារកជា ប្រធានបទក្ដៅមួយ នៅក្នុងប្រទេសចិន ហើយគោលនយោបាយ កូន ១របស់រដ្ឋចិន បានធ្វើឱ្យសកម្មភាព ជួញដូរមនុស្ស កាន់តែកើនឡើងខ្ពស់ ទោះបីជាវាជា បទល្មើសឧក្រិដ្ឋកម្មក៏ដោយ ។ រដ្ឋាភិបាលក៏បាន ចាត់វិធានការទប់ស្កាត់ ក្នុងនោះមានការរឹតបន្ដឹងច្បាប់ សុំកូនចិញ្ចឹម ។ លើសពីនេះទៀត រដ្ឋាភិបាលចិន ក៏មានគម្រោងលុបចោល ច្បាប់កូន១ ដើម្បីបញ្ចប់ក្ដីកង្វល់ របស់ប្រជាពលរដ្ឋ ៕
Source from: watphnom-news.com