កម្មករ ៤នាក់បានស្លាប់ ៣០នាក់រងរបួសធ្ងន់ស្រាល និង ១១នាក់ទៀតត្រូវបានចាប់ខ្លួន

រាជធានីភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាមួយ កាលពីព្រឹកថ្ងៃសុក្រទី៣ ខែមករា នៅវេលាម៉ោងប្រមាណ ៩ព្រឹក នៅសួនឧស្សាហកម្ម កាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច ដែលបណ្ដាលឲ្យមានមនុស្សស្លាប់់ និងរបួសជាច្រើននាក់ ដោយសារក្រុមសមត្ថកិច្ច បាញ់រះទៅលើក្រុម កម្មករ ជាច្រើនគ្រាប់។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា យ៉ាងហោចណាស់កម្មករ ៤នាក់បានស្លាប់ ៣០នាក់រងរបួស និង ១១នាក់ទៀតត្រូវបានបញ្ជូនខ្លួន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មទាមទារ ដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ នៅសួនឧស្សាហកម្ម កាណាឌីយ៉ា។
ការប៉ះទង្គិចគ្នារវាង កម្លាំងសមត្ថកិច្ច និងកម្មករ មកពីរោងចក្រនានា នៅរាជធានីភ្នំពេញ បានកើតចាប់តាំងពីម៉ោង ១០ព្រឹកថ្ងៃសុក្រនេះ ហើយបានឈាន ទៅដល់ ការបាញ់រះមកលើកម្មករ បណ្តាលឲ្យកម្មករ ៤នាក់ស្លាប់ និង ៣០នាក់រងរបួសធ្ងន់និងស្រាល និង ១១នាក់ទៀតត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ អ្នកសារព័ត៌មាន ត្រូវបានហាមមិនឲ្យថតរូប ហើយសូម្បីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ ក៏រងការបាញ់បណ្តេញចេញ ពីទីនោះផងដែរ។ រហូតមកដល់រសៀលនេះ សមត្ថកិច្ចបានត្រួតត្រាតំបន់នោះ ហើយក្រុមអ្នកតវ៉ាបានដកថយជាបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយ សមស្របណាមួយ សម្រាប់ការទាមទារ ដំឡើងប្រាក់ខែនៅឡើយទេ៕
Source from: watphnom-news.com