គម្រោងជួបចរចារបស់គណបក្សនយោបាយធំៗទាំងពីរនៅថ្ងៃស្អែកត្រូវបានគណបក្សប្រឆាំងប្រកាសផ្អាកវិញ ព្រោះសមត្ថកិច្ចប្រើអំពើហិង្សាលើអ្នកតវ៉ា

នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ប្រកាសផ្អាកគម្រោងជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃស្អែកទី០៣ ខែមករា ឆ្នាំ២០១៤នោះវិញ ដោយសារគណបក្សប្រឆាំងបានពិនិត្យឃើញថា សមត្ថកិច្ចបានប្រើអំពើហិង្សាបង្ក្រាបមកលើក្រុមបាតុករអហិង្សា ដែលធ្វើការទាមទារដំឡើងប្រាក់ខែ ព្រមទាំងមានការចាប់ព្រះកាយព្រះសង្ឃ ចាប់ខ្លួនតំណាងសហជីព និងកម្មករ កម្មការិនីមួយចំនួនទៀត ។
សេចក្តីថែ្លងការណ៍របស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ការបង្ក្រាបដោយប្រើអំពើហិង្សារបស់សមត្ថកិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មកលើការធ្វើបាតុកម្មដោយអហិង្សារបស់កម្មករ កម្មការិនីខ្មែរ គឺជាការរំលោភលើកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចទី១ ។ គណបក្សសង្គ្រោះជាតិសូមប្រកាសថ្កោលទោសទៅលើសមត្ថកិច្ចដែលប្រើអំពើហិង្សានេះ និងអំពាវនាវឲ្យសមត្ថកិច្ចដោះលែងព្រះសង្ឃ និងកម្មករ កម្មការិនីដែលត្រូវបានចាប់ខ្លួន ហើយបញ្ឈប់រាល់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មកលើព្រះសង្ឃ និងកម្មករ កម្មការិនីស្លូតត្រង់ ។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា គណបក្សនឹងពិនិត្យលទ្ធភាពឡើងវិញលើគម្រោងចរចារកដំណោះស្រាយចំពោះវិបត្តិនយោបាយបច្ចុប្បន្ននៅពេលណាសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ការប្រើអំពើហិង្សាមកលើការតវ៉ារបស់ព្រះសង្ឃ កម្មករ កម្មការិនីខ្មែរ ក៏ដូចជាប្រជាពលរដ្ឋទូទៅតទៅទៀត ៕
Source from: www.dtn7.com