សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងសហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន ប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរ

ក្រសួងមហាផ្ទៃបានចេញលិខិតផ្លូវការមួយច្បាប់លេខ២០៤៣សជណ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ធ្វើការព្រមានទៅលើលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យអនុវត្តន៍សកម្មភាពឲ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ បើពុំនោះទេ ក្រសួងមហាផ្ទៃនឹងចាត់វិធានការលុបឈ្មោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ។
លិខិតរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងបានកត់សម្គាល់ឃើញលោកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានយកតួនាទីរបស់ខ្លួនចូលរួមក្នុងសកម្មភាពនយោបាយ និងបានធ្វើសកម្មភាពញុះញង់ដោយខុសច្បាប់ ទៅប្រជាពលរដ្ឋខុសពីលក្ខន្តិកៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាពិសេសលិខិតលេខ៧២៩សជណ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃដែលបានទទួលសំណើ និងលក្ខន្តិកៈស្តីពីការចុះឈ្មោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជា"សមាគមមិនធ្វើនយោបាយ" ។
ដោយឡែក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ តាមការលើកយោបល់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចំណារឯកភាពនៅថ្ងៃដដែលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍បង្គាប់ឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តឹងលោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា ទៅតុលាការជាសមត្ថកិច្ច ដោយសារសហជីពនេះមិនមានចុះបញ្ជិកាត្រឹមត្រូវ តាមស្មារតីលិខិតលេខ២១០២សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
សរុបសេចក្តីមក សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន និងជាសមាគមដែលមិនដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា បាននិងកំពុងប្រឈមនឹងការគំរាមកំហែងគ្រប់ជ្រុងពីសំណាក់អាជ្ញាធរគ្រប់គ្រងអំណាច ដោយគណបក្សប្រជាជនកម្ពុជា ៕
Source from: www.dtn7.com