ស្រវឹងឈប់ឡានដេកតាមផ្លូវ ហើយបន្តដំណើរទៅបុករះរ៉ឺម៉កនិងម៉ូតូ លើស្ពានជ្រោយចង្វា

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងម៉ាក ស៊ីអរវី បើកបុករះរ៉ឺម៉កកង់ ៣ មួយគ្រឿង និងម៉ូតូសេ១២៥ មួយគ្រឿង នៅលើស្ពានជ្រោយចង្វា ផ្នែកខាងកើត តាមបណ្តោយផ្លូវជាតិលេខ៦ ខណៈដែលកំពុង បើកបរស្របទិសគ្នា ហើយរថយន្តបានព្យាយាមបើកគេច តែត្រូវប៉ូលិសឃាត់បានភ្លាមៗ កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
រថយន្តបង្កម៉ាក ស៊ីអរវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២M-០១៧២ បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំ។ រីឯម៉ូតូរងគ្រោះ ជាប្រភេទម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BO-១៧៩១ បើកបរដោយបុរសម្នាក់ និងដឹកភ្ញៀវពីរនាក់ទៀត និងម៉ូតូរងគ្រោះមួយគ្រឿងទៀត ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១G-០០៨៦ បើកបរដោយស្ត្រីពីរនាក់។ រថយន្តបង្កហេតុ ត្រូវបានសាក្សីប្រទះឃើញ ឈប់ដេកនៅចំណុចផ្សារទំនើប BS តាមបណ្តោយផ្លូវមុនីវង្ស ហើយត្រូវសមត្ថកិច្ចខណ្ឌ ៧មករា ដាស់ឲ្យភ្ញាក់ រួចក៏បើករថយន្ត បន្តដំណើរទៅមុខ។
ពេលចេញមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿង ពេលកំពុងធ្វើដំណើរ ចុះពីលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត រួចក៏ជ្រុលទៅបុក ម៉ូតូសង់សេ១២៥ មួយគ្រឿងទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងអូសរថយន្តបង្ក និងឃាត់ខ្លួនអ្នកបើក នាំយកទៅ ការិយាល័យចរាចរជើងគោក ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕
Source from: watphnom-news.com