ស្ត្រីស្អាតម្នាក់បានស្រាចូលពោះ ហ៊ានទះកំផ្លៀងអ្នកកាសែត គ្រាន់តែរឿងគ្រោះថ្នាក់តិចតួច

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានរូបរាងស្អាតគ្រាន់បើ តែមានចិត្តឆេវឆាវជ្រុលបន្តិច ដោយបានបង្ករឿងនិងជេរប្រមាថ ដល់អ្នកកាសែត ខណៈដែលនាំគ្នាទៅថតរូប និងយកព័ត៌មាន ពីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ម្តុំស្តុបពេទ្យចិន ។
ស្ត្រីម្នាក់នោះមានឈ្មោះ ហៀង មួយគា អាយុ ៣៥ឆ្នាំមានមុខរបរ ជាមេផ្ទះស្នាក់នៅម្តុំ តេ៨៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានស្ទុះមកទះកំផ្លៀង អ្នកកាសែតម្នាក់ចំនួន ៣ដៃ ព្រមទាំងជេរប្រមាថ ដល់អ្នកកាសែតផ្សេងៗទៀត ដែលចុះទៅយកព័ត៌មាន នៅទីនោះយ៉ាងចាស់ដៃ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ហើយនាំស្រីឈ្មោះ ហៀង មួយគា និងជនរងគ្រោះ ព្រមទាំងក្រុមអ្នកកាសែតផ្សេងទៀត ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ហៀង មួយគា បានចេញពី កម្មពីធីខួបកំណើតមួយ នៅម្តុំបឹងត្របែក ដោយជិះម៉ូតូជាមួយប្តី ពេលមកដល់ស្តុបបូកគោ ស្រាប់តែត្រូវប៉ះដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ។ ផ្ទុយទៅវិញឈ្មោះ ហៀង មួយគា ដែលមានឥទ្ធិពលអំណាចស្រាចូលពោះ ក៏ដេញតាមម៉ូតូ ដែលធ្វើឲ្យប៉ះដៃចង្កូត ដើម្បីឲ្យសុំទោសខ្លួន ហើយអ្នកជិះម៉ូតូម្ខាងទៀត ក៏បានសុំទោស រួចហើយក៏ចាកចេញទៅ។
តែស្ត្រីឈ្មោះ ហៀង មួយគា បានទូរស័ព្ទហៅបក្ខពួកជាច្រើន មកកាន់កន្លែងកើតហេតុ ជិតស្តុបពេទ្យចិន ខណៈនោះក៏មានអ្នកកាសែតមួយក្រុម បានទៅដល់ ហើយបានថតរូប ក៏កើតមានរឿងប្រទូស្តសារាយតែម្តង។ យ៉ាងណាក៏ដោយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ លោក គល់ សុផាត បានធ្វើការសម្របសម្រួល ជាមួយក្រុមអ្នកាសែត និងស្ត្រីឈ្មោះ ហៀង មួយគា តែគេពុំទាន់ដឹងថា ចប់រឿងឈប់ប្តឹងផ្តល់ ឬយ៉ាងណានោះទេ៕
Source from: watphnom-news.com