ឃាត់ខ្លួនមុខសញ្ញាចែកចាយ គ្រឿងញៀនយ៉ាងសកម្ម ឲ្យជនជាតិថៃនៅច្រកភ្នំដី

ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន បានតាមដានជនសង្ស័យ ជាមុខសញ្ញាចាស់ ទើបតែតាមទាន់ ឆែកឆេរឃើញមានថ្នាំញៀន ឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀយ៉ាងសកម្ម អោយជនជាតិថៃ ជាលើកទី៣ ដែលម្តងៗមានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៥គ្រាប់បញ្ជូន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ចាត់ការបន្តតាមនីតិវិធី។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅពេលជនសង្ស័យ កំពុងឈរចាំជនជាតិថៃ មកទទួលថ្នាំញៀនកាលពីវេលាម៉ោង ៩និង៤៥ នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចក្បាលស្ពាន ច្រកភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក អញ កាម៉ាល់ មេបញ្ជាការងអាវុធហត្ថ ស្រុកសំពៅលូន បានអោយដឹងថា បុរសសង្ស័យដែល ធ្វើសកម្មភាពលក់គ្រឿងញៀន យ៉ាងសកម្មនៅផ្សារបូរី ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ជាន់ ចាន់ អាយុ ៣៧ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ ដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៥គ្រាប់។
ឈ្មោះ ជាន់ ចាន់ ជាជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀន យកលក់អោយជនជាតិថៃ ចំនួន ៣ដងដោយលើកទី១ ជនជាតិថៃប្រគល់ប្រាក់ចំនួន ១៨០០ បាត ប្រហែល ២៣ម៉ឺនរៀល ទិញបានថ្នាំញៀនចំនួន ៥គ្រាប់។ លើកទី២ ថៃអោយប្រាក់ចំនួន ២០០០ បាត ប្រហែល ២៦ម៉ឺនរៀល ទិញថ្នាំញៀនបាន ៤គ្រាប់ និងលើកទី៣ ថៃអោយប្រាក់ចំនួន ៣៨០០ បាត ទិញថ្នាំញៀនបាន ៥គ្រាប់ខ្លួនបានកាន់ថ្នាំញៀន ឈរចាំជនជាតិថៃ មកទទួលនៅក្បាលស្ពាន តាមច្រកព្រំដែនភ្នំដី ដូចរាល់ដងមិនឃើញមក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com