ក្រឡេកមើលអំពើពុករលួយ របស់លោក ប្រាក់ ចាន់រឿន នាំឲ្យខាតបង់ចំណូលរាប់លានដុល្លារ និងការតែងតាំងកូនប្រុសឲ្យកាន់តំណែងធំៗ

ខេត្តព្រះសីហនុ ៖ ច្រើនអាណត្តិមកហើយ ដែលលោក ប្រាក់ ចាន់រឿន បានធ្វើជាប្រធាន មន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តព្រះសីហនុ ហើយក្រោយពេល មានការបំបែកក្រសួង ឧស្សាហកម្មរ៉ែ និងថាមពលជាពីរ គេមិនទាន់ដឹងថាលោក ប្រាក់ ចាន់រឿន មានឱកាសកាន់តំណែង ជាប្រធានមន្ទីរធនធានរ៉ែនិងថាមពល ឬមន្ទីរសិប្បកម្ម និងឧស្សាហកម្ម ឬយ៉ាងណានោះទេ ប៉ុន្តែរឿងសំខាន់នោះ អំពើពុករលួយដុះស្លែ ធ្វើឲ្យបាត់បង់ចំណូលពន្ធ ពីវិស័យធនធានរ៉ែ រាប់លានដុល្លារ និងបញ្ហាគ្រួសារនិយម របស់លោក ប្រាក់ ចាន់រឿន គួរតែមានការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅឡើងវិញផង។
មន្ត្រីតូចតាចមួយចំនួន ដែលមិនពេញចិត្តចំពោះ ការដឹកនាំតាមបែបផ្តាច់ការ របស់លោក ប្រាក់ ចាន់រឿន បានបង្ហើបឲ្យដឹងថា រយៈពេល ២ទៅ៣ ឆ្នាំចុងក្រោយនេះ លោក ប្រាក់ ចាន់រឿន បានឃុបឃិតបិទភ្នែក ឲ្យមានការធ្វើអាជីវកម្មធនធានរ៉ែ ដោយគ្មានច្បាប់ទម្លាប់ នាំឲ្យរដ្ឋបាត់នូវចំណូលពន្ធ រាប់លានដុល្លារ ប៉ុន្តែគ្មាននរណាអើពើ ស្រាវជ្រាវពីអំពើពុករលួយ របស់លោក ប្រាក់ ចាន់រឿន នោះទេ។ ដូចជាករណីដែលលោក ប្រាក់ ចាន់រឿន ឃុបឃិតបើកដៃ ឲ្យក្រុមឈ្មួញធំៗជីកកាយអាចម៍ដី នៅតំបន់កូនភ្នំ យកទៅចាក់បំពេញ លើផ្ទៃឆ្នេរសមុទ្រជាច្រើនកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីរៀបចំសាងសង់ឃ្លាំង រោងចក្រ ដោយគ្មានការបង់ពន្ធ សួយសាអាករជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ។
នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ មានទីតាំងអាជីវកម្ម កាយអាចម៍ដី យកទៅចាក់បំពេញដីឆ្នេរសមុទ្រ យ៉ាងអនាធិបតេយ្យ ហើយចុងក្រោយនេះ នៅក្បែរជើងភ្នំបូកគោ ស្ថិតក្នុងភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ លោក ប្រាក់ ចាន់រឿន បានឃុបឃិតឲ្យឧកញ៉ា ហាន់ ឃៀង ធ្វើអាជីវកម្មកាយអាចម៍ដី យកទៅចាក់បំពេញ លើដីទំហំជាង ៤០០ហិកតា ដើម្បីសាងសង់រោងចក្រប្រេងកាត ហើយការដ្ឋានកាយអាចម៍ដីនោះ មួយថ្ងៃៗមានរថយន្ត ដឹកជញ្ជូនដីរាប់ពាន់គ្រឿង។ សកម្មភាពកាយអាចម៍ដី និងចាក់បំពេញដីសម្រាប់ការសាងសង់ រោងចក្រប្រេងកាត របស់លោកឧកញ៉ា ហាន់ ឃៀង គេសង្ស័យថា មិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីក្រសួងធនធានរ៉ែ និងថាមពល នោះទេ ក៏ព្រោះតែលោក ប្រាក់ ចាន់រឿន បានបិទភ្នែកឲ្យលោកឧកញ៉ា ហាន់ ឃៀង ធ្វើអ្វីៗតាមតែអំពើចិត្ត។
បើគិតពីតម្លៃម៉ៅការ សម្រាប់ការចាក់បំពេញដីជាង ៤០០ហិកតា តម្លៃរាប់លានដុល្លារអាមេរិក ហើយបើគិតអំពីការបង់ពន្ធ សូយសាករជូនរដ្ឋប្រមាណ ១០ភាគរយ ឃើញថាប្រាក់ចំណូល ដែលបានមកពីការជីកកាយអាចម៍ដី យកទៅចាក់បំពេញទីតាំង សម្រាប់សាងសង់ រោងចក្រប្រេងកាត របស់លោកឧកញ៉ា ហាន់ ឃៀង មានខ្ទង់លានដុល្លារឯណោះ។ ជារឿងធម្មតាទេ ដែលក្រុមឈ្មួញមួយចំនួន មិនចង់សុំច្បាប់ទម្លាប់ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ព្រោះពួកគេអាចចំណេញ ផលប្រយោជន៍ចំនួន ២យ៉ាង គឺទី១ មិនអស់កម្រៃជើងសាឬការបង់លុយក្រោមតុ សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ និងទី២ រួចផុតពីកាតព្វកិច្ចបង់ពន្ធ សូយសាអាករជូនរដ្ឋ ដោយគ្រាន់តែយកប្រាក់ ថ្លៃបង់ពន្ធនោះទៅបែងចែក លោក ប្រាក់ ចាន់រឿន ជាការស្រេចគ្មាននរណា ហ៊ានដេញដោលទេ ។
នេះមិនមែនជាលើកទីមួយទេ សម្រាប់លោក ប្រាក់ ចាន់រឿន ដែលឃុបឃិតឲ្យឈ្មួញធំៗ ម៉ៅការធ្វើអាជីវកម្មកាយដី យកទៅចាក់បំពេញទីតាំង រោងចក្រមួយកន្លែងៗ រាប់រយហិកតា គ្រាន់តែសេវាចាក់ដី មានតម្លៃ រាប់លានដុល្លារ ប៉ុន្តែមិនមានការបង់ពន្ធ សូយសាអាករជូនរដ្ឋ ឲ្យត្រឹមត្រូវតាមគោលការណ៍នោះទេ ក៏ព្រោះតែទីតាំងអាជីវកម្ម កាយដីទាំងនោះ គ្មានច្បាប់ទម្លាប់ ក៏អាចរួចពីកាតព្វកិច្ចបង់ពន្ធ ដោយគ្រាន់តែបង្វិលប្រាក់ទាំងនេះ បង់ឲ្យមន្ត្រីខិលខូចពុករលួយ។ អាចបញ្ជាក់បានថា គ្រាន់តែអាជីវកម្មកាយអាចម៍ដីមួយមុខ រដ្ឋបានខាតបង់ចំណូលពន្ធ រាប់លានដុល្លារ នេះមិនទាន់គិតដល់ករណីបូមខ្សាច់ការធ្វើអាជីវកម្ម ថ្ម ក្រួស នៅឡើយទេ។
មានការបង្ហើបផងដែរថា ពាក់ព័ន្ធករណីដែលលោក ប្រាក់ ចាន់រឿន រៀបចំឯកសារ ដើម្បីលក់ដីឃ្លាំងរបស់មន្ទីរឧស្សាហកម្ម ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១ហិកតា មានតម្លៃ ២លានដុល្លារ តាមរបៀបពុករលួយ មិនទាន់មាននរណាដេញដោលទេ ហើយមានដំណឹងថាលោក ប្រាក់ ចាន់រឿន បានរត់ការលក់ដីអណ្តូងទឹកស្អាត នៅក្បែរសាលាក្រុងព្រះសីហនុ អតីតខណ្ឌមិត្តភាព ក៏ប្រមូលបានលុយទឹកតែ រាប់ម៉ឺនដុល្លារ យកទៅធ្វើជាមហាសេដ្ឋីតែម្នាក់ឯង។ ដោយឡែក លោក ប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសចំនួន ២នាក់ គឺឈ្មោះ ប្រាក់ ចាន់វាសនា ឲ្យកាន់តួនាទីជា អនុប្រធានការិយាល័យរដ្ឋបាល នៅមន្ទីរឧស្សាហកម្ម ខេត្តព្រះសីហនុ។
ដោយឡែកកូនប្រុស របស់លោក ប្រាក់ ចាន់រឿន ម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ត្រូវបានតែងតាំងឲ្យធ្វើជាអនុប្រធាន អង្គភាពរដ្ឋាករទឹក ខេត្តព្រះសីហនុ ទាំងវ័យក្មេង ធ្វើឲ្យមន្ត្រីជាច្រើន ខឹងសម្បាយ៉ាងខ្លាំង។ រឿងអាស្រូវពុករលួយ របស់លោក ប្រាក់ ចាន់រឿន មានច្រើនគគោករៀបរាប់ ២ទៅ៣ ទំព័រ ក៏មិនអស់ផង ប៉ុន្តែរឿងសំខាន់បំផុតនោះ អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសលោករដ្ឋមន្ត្រី ស៊ុយ សែម តែគួរតែពិនិត្យមើលបញ្ហានេះ ឲ្យបានស៊ីជម្រៅឡើងវិញផង មិនគួរបណ្តែតបណ្តោយឲ្យលោក ប្រាក់ ចាន់រឿន ធ្វើអ្វីៗតាមតែទំនើងចិត្តរបស់ខ្លួនទៀតទេ៕
Source from: watphnom-news.com